(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលធ្លាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន M.M Production កាត់តរូបភាពស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១តទៅ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ខណៈបុគ្គលិកចំនួន១៥នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត ០៨៨ ៧៨៣ ៦៦៦៦ ឬ ០៩៧ ៥០៣ ៤៥៦៧ ដើម្បីមានវិធានការណ៍បន្ត។ សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃ១៤ ខែកញ្ញានេះ ក្រុមការងារស្រាវជ្រាវរកមេរោគកូវីដ១៩ ខេត្តស្វាយរៀង បានធ្វើតេស្តយកសំណាកទៅលើបុគ្គលិកក្រុមហ៊ុនកាត់តរូបភាពជាច្រើននាក់ ក្នុងនោះតាមព័ត៌មានបឋមបានរកឃើញបុគ្គលិកចំនួន ១៥នាក់ បានឆ្លងជំងឺកូវីដ១៩ ហើយអ្នកដែលពាក់ព័ន្ធត្រូវឱ្យធ្វើចត្តាឡីស័ក បន្តដើម្បីតាមដានសុខភាពផងដែរ៕