(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានលើកឡើងថា បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។

ការលើកឡើងបែបនេះ របស់ នេត្រ ភក្ត្រា បានធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នៅអំឡុងពេលប្រគល់វិទ្យុទាក់ទងចំនួន៤០គ្រឿង ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ។

នាឱកាសនេះដែរលោក នេត្រ ភក្ត្រា បានថ្លែងថា វិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃ និងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំអន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។

គួរបញ្ជាក់ថា វិទ្យុទាក់ទង៤០គ្រឿងនេះ ត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួនដែលបានប្រគល់​កាលពីចុងខែសីហា​កន្លងទៅដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។

លោករដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់មន្ត្រីឧទ្យានុរក្សបន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯងស្របតាមដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមពីនេះ លោកឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១,២៦០នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣លានហិកតា ស្មើប្រមាណ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្សម្នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា។ ដូច្នេះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការបានបន្តថា៖ «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរ ក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីគេចចេញពីសំណាញ់ច្បាប់»។

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំង កាយ កម្លាំងចិត្ត តស៊ូជម្នះរាល់ឧបសគ្គទាំងឡាយ និងបំពេញការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុបរិស្ថាន និងធានធានធម្មជាតិ៕