(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំកម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាកម្មទី៤» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈវេទិកា Zoom ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ក្រោមមូលបទ «ការសម្រេចបានចក្ខុវិស័យកម្ពុជា៤.០ ពេញលេញ ចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន» កម្មវិធីសម្ពោធសៀវភៅនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង និងការពិភាក្សាអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ដែលជាការបោះពុម្ពផ្សាយដោយ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

ក្នុងនោះមានការផ្ទាល់ពីសំណាក់វាគ្មិនដែលជាតំណាងអ្នកនិពន្ធអត្ថបទ និងក្រុមការងារកែសម្រួល ដើម្បីបកស្រាយអំពីប្រធានបទសំខាន់ៗ ដែលបានលើកយកមកពិភាក្សានៅក្នុងសៀវភៅ ក៏ដូចជាដើម្បីជំរុញផ្សព្វផ្សាយការចូលរួមលើកកម្ពស់ចំណេះដឹងរបស់អ្នកសិក្សាស្រាវជ្រាវ សិស្ស-និស្សិត និងសាធារណជនទូទៅ អំពីភាពរីកចម្រើននៃបចេ្ចកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីជំរុញការចូលរួមសិក្សាស្រាវជ្រាវអំពីបចេ្ចកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដែលកំពុងរីកចម្រើនក្នុងបដិវត្តន៍ឧស្សាហកម្មទី៤។

នៅក្នុងសុន្ទរកថា គន្លឹះដែលបានថ្លែងនៅក្នុងកម្មវិធី លោក ហ៊ុន ម៉ានី បានលើកថា ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការឈានទៅដល់ការសម្រេចបានសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងមាននិរន្តភាព ក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មទី៤។

លោកថា បណ្តាប្រទេសជឿនលឿនមួយចំនួនធំ ទទួលបានការជោគជ័យ ក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយការកសាងមូលដ្ឋានគ្រឹះរបស់ពួកគេ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ស្របតាមបរិបទ នៃឌីជីថលូបនីយកម្ម ដោយផ្តោតសំខាន់លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ការអភិវឌ្ឍធនធានមនុស្សទៅតាមគន្លងបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយភាពច្បាស់លាស់ ជាកត្តាសំខាន់ក្នុងការសម្រេចបាន ការអភិវឌ្ឍសង្គមជាតិមួយ ដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍។

នៅក្នុងសុន្ទរកថាគន្លឹះ លោក ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍មួយចំនួន សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ របស់ប្រជាជនកម្ពុជា ឲ្យមានប្រសិទ្ធិភាព និងទទួលបានផ្លែផ្កាជាអតិបរមា រួមមាន៖

*ទី១៖ ការស្រូបយក និងសម្របខ្លួន៖ បំផុសចលនាឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាឈានទៅការបណ្តុះគំនិតឆ្នៃប្រឌិត ទេពកោសល្យបង្កើតថ្មី តាមរយៈការបន្តតាមដានពីការវិវត្ត និងនិន្នាការថ្មីៗនៃបច្ចេកវិទ្យា ទាំងនៅកម្រិតកម្ពុជា តំបន់ និងសកលលោក។

*ទី២៖ ការទទួលខុសត្រូវ៖ បំផុសចលនាឲ្យយុវជនក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយបន្ត និងបញ្រ្ជាបការយល់ដឹងអំពីយុគសម័យ ៤.០ តាមរយៈការចែករំលែកដល់ក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍។ ជាមួយគ្នានេះ យុវជនត្រូវប្រុងប្រយ័ត្នដោយប្រើប្រាស់បច្ចេកវិទ្យា ឲ្យចំគោលដៅ និងប្រើឲ្យបានជាប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាសង្គមជាតិ និងមិនប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

សូមលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយ ការទទួលខុសត្រូវ ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជួយ បង្កើនប្រសិទ្ធភាពនៅកន្លែងការងារ ជួយដល់ការសិក្សា ជួយដោះស្រាយបញ្ហាសង្គម ជាដើម។

*ទី៣៖ ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខឌីជីថល៖ យើងត្រូវមានការគិតគូរអំពីសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ពិសេសការប្រឆាំងនឹងបទល្មើស ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតបានល្អ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត សម្រាប់សន្តិសុខជាតិ ព្រមទាំងចូលរួមបង្កើនទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថលសម្រាប់អ្នកប្រើប្រាស់។

*ទី៤៖ ការឈានទៅសម្រេចបានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលមួយពេញលេញ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមដំណើរលើផ្លូវមួយនេះទន្ទឹមគ្នា ពីព្រោះអ្វីដែលយើងចង់បានគឺការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយសម្រាប់បរិបទបច្ចុប្បន្ន ការចាប់យក និងប្រើប្រាស់ឱកាសចេញពីបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ គឺជាយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងទៀត ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការដឹកនាំនាវាកម្ពុជា ក្នុងល្បឿនលឿនមួយ ឆ្ពោះទៅកាន់ភាពជឿនលឿន និងវិបុលភាព។

ជាមួយគ្នានេះ កម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាកម្មទី៤» ក៏មានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ដោយ លោក ដាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងសុន្ទរកថាថ្លែងអំណរគុណដោយ លោក សឹង រេត ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាតំណាងក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕

`