(កោះកុង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អំណោយជូនលោកយាយអាយុ១០១ឆ្នាំ ម្នាក់បន្ថែមទៀត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង យកទៅប្រគល់ជូននៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកយាយដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឈ្មោះ សុខ សារឿន អាយុ១០១ឆ្នាំ រស់នៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យរូបគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ ព្រមទាំងបានបង្ហាញនូវក្ដីរំភើបរីករាយ នៅពេលទទួលបានអំណោយនាឱកាសនេះ។

បន្ថែមពីនេះ លោកយាយ សុខ សារឿន បានបង្ហាញនូវក្ដីអាណិតស្រលាញ់ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ ព្រមទាំងស្ញប់ស្ញែងចំពោះការលះបង់របស់សម្ដេច ដែលរំដោះប្រទេសកម្ពុជា ចេញពីភ្លើងសង្គ្រាមរហូតមានសន្ដិភាពដូចពេលបច្ចុប្បន្ននេះ៕