(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។

បើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ថាកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center - China Law Society)

លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។ នៅសល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខនេះនឹងឈានទៅការបញ្ចប់ជាស្ថាពរ»

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានឱ្យដឹងថា កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិតនិងអនុបណ្ឌិតមាន១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប៕