(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ទទួលបានទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនសហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation។

ការប្រគល់-ទទួលបានជំនួយឧបត្ថម្ភនេះធ្វេីឡេីងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោក នួន ផារ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ហេង ពិសី អគ្គនាយិកាក្រុមហ៊ុន Leisure Asia Corporation។

ក្នុងឱកាសនោះ លោកស្រីអគ្គនាយិកា ហេង ពិសី បានលេីកឡេីងថា ការឧបត្ថម្ភនូវទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) គឺក្នុងគោលបំណងគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតក្នុងសហគមន៍។

លោក នួន ផារ័ត្ន បានសម្តែងនូវការកោតសរសើរដល់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនកូនខ្មែរបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានាពិសេសជំងឺកូវីដ១៩។

លោកស្រី ហេង ពិសី បានសម្តែងនូវអំណរគុណលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចក្នុងការងារមនុស្សធម៌ និងសង្គមរបស់ខ្លួនយ៉ាងសកម្ម ជាពិសេសក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដនេះ សំដៅចូលរួមទប់ស្កាត់ និងឆ្លើយតបការរាត្បាតនៃជំងឺកូវីដ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់សហភាពសហព័ន្ធយុវជនកម្ពុជានូវទឹកសម្លាប់មេរោគម៉ាក Ebiodis ដើម្បីប្រើប្រាស់តាមការចាំបាច់ រួមមាន៖

* ប្រភេទ ៣០លីត្រ: ចំនួន ១០០កាន
* ប្រភេទ ៥លីត្រ ១០កេស ស្មើ ៦០កាន
* ប្រភេទ ១លីត្រ ១០កេស ស្មើ ២៤០កាន
* ប្រភេទ ៥០០មីលីលីត្រ ១០កេស ស្មើ ២៤០ដបស្រ្ពេ
* ប្រភេទ ១០០មីលីលីត្រ ១០កេស ស្មើ ៤៨០ដបស្រ្ពេ៕