(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន ឣភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកទទួលបានលទ្ធផលល្អប្រសើរជាពិសេសការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ការវាយតម្លៃបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសលោកបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយឣភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជឣាវុធហត្ថ មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង និងបង្រ្កាបទប់ស្កាត់បទល្មេីសព្រៃខុសច្បាប់គ្រប់រូបភាព និងការពារឱ្យបានធនធានធម្មជាតិ ព្រមទាំងបង្ក្រាបឱ្យបាននូវល្បែងសុីសងគ្រប់ប្រភេទផងដែរ។

លោកអភិបាលខេត្តបានជំរុញបន្ថែមដល់កងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ ព្រមទាំងរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់អំឡុង ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃខាងមុខនេះ។

ជាមួយគ្នានោះ លោក ម៉ុម សារឿន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យអប់រំក្រុងស្រុក ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តដល់មាតាបិតា ឬអាណាព្យាបាលអំពីគោលការណ៍ណែនាំ ចំពោះកិច្ចដំណើរការសាកល្បងបើកសាលាឡើងវិញ ដោយគិតគូរពីអនាម័យ និងវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានគ្រប់ៗគ្នា គឺ «៣កុំ និង៣ការពារ» និងការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញឱ្យអនុវត្ត៕