(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញ សម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ តាមបណ្តាញសង្គម Facebook បន្ទាប់ពីដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៦ឆ្នាំដល់ ១២ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល»

សម្តេចតេជោ បានញ្ជាក់ដែរថា សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។ សម្តេចក៏បានបន្ថែមទៀតថា ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។

ឆ្លៀតឱកាសនេះ សម្តេចក៏បានជូនដំណឹងអំពីសុខភាពរបស់សម្តេច ដោយលើកឡើងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះសម្តេចហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។ សម្តេចបានជូនពរលោកគ្រូ អ្នកគ្រូ ពិសេសចៅៗ ក្មួយៗជានិស្សិត និងសិស្សដែលបានវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃនេះ៕