(ភ្នំពេញ)៖ ស្ថានទូត និងសភាពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានចុះទៅជួយទិញផ្លែមៀនក្នុងខេត្តបាត់ដំបង ចំនួន ៥តោន ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់កសិករដាំមៀន ដែលកំពុងខ្វះទីផ្សារ។

លោក Pan Dongfeng អនុប្រធានអចិន្ត្រៃយ៍សភាពាណិជ្ជកម្មចិននៅកម្ពុជា និងជាប្រធានសមាគមវិស័យកសិកម្ម បានគូសបញ្ជាក់ពេលចុះទិញផ្លែមៀននោះថា ការចុះមកទិញផ្លែមៀននេះ ដើម្បីជាការរួមចំណែកជួយដោះស្រាយបញ្ហាខ្វះទីផ្សាររបស់កសិករជាអ្នកដាំមៀន។ ជាពិសេសជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ។

បើតាមលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់ Fresh News ថា ក្នុងពេលចុះទៅទិញនោះ លោក Pan Dongfeng បានកោតសរសើរពីឱជារសផ្លែមៀនក្នុងខេត្តបាត់ដំបងថាមានរសជាតិឆ្ងាញ់។

ក្នុងឱកាសនោះលោក ឈឹម វជីរា បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជាដែលបានជួយទិញផ្លែមៀនពីកសិករក្នុងស្រុក។ លោកប្រធានមន្ទីរ បានហៅកាយវិការនេះ ជាការជួយដ៏មានតម្លៃ និងទាន់ពេលវេលាបំផុតជូនដល់កសិករខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ឈឹម វជីរា បានស្នើលោកអនុប្រធានសភាពាណិជ្ជកម្មចិន ជួយពន្លឿនដំណោះស្រាយនានា ដើម្បីឆាប់បាននាំផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិន៕