(ភ្នំពេញ)៖ កងទ័ពបានក្លាយទៅជាកម្លាំងស្នូលមួយក្នុងយុទ្ធនាការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជនបរទេសរស់នៅ និងបម្រើការងារនៅកម្ពុជា។ កងទ័ពបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចេញពីតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ កាលពីខែឧសភា ហើយបន្តទៅខេត្តចំនួន ៨ផ្សេងទៀត រួមមាន៖ ព្រះសីហនុ កោះកុង តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ដែលមានចំនួនប្រជាពលរដ្ឋត្រូវចាក់សរុបជិត ២.៥លាននាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានឱ្យដឹងថា ការងារចាក់វ៉ាក់សាំងដែលជាភារកិច្ចរបស់កងទ័ព បានសម្រេចស្ទើរតែស្រុងហើយនៅសល់តិចតួចប៉ុណ្ណោះ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចំនួនដែលសេសសល់តិចតួចនេះ នឹងត្រូវប្រគល់ជូនទៅអាជ្ញាធរតាមខេត្តនីមួយៗជាអ្នកចាត់ចែងបន្ត។

ដើម្បីសម្រេចយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្រុមការងារកងទ័ពមកពីតាមបណ្តាអង្គភាពនានានៅទូទាំងប្រទេសសរុបជាង ៣ពាន់នាក់ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តដោយមិនរួញរានោះឡើយ។

ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាកិច្ចការមួយដែលមិនងាយស្រួល ហើយទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់មានចិត្តអំណត់អត់ធ្មត់ និងការតាំងចិត្តខ្ពស់ជាមួយការងារនេះផងដែរ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យត្រូវប្រឈមនឹងការឆ្លងមេរោគកូវីដ១៩ ត្រូវស្លៀកបំពាក់បង្ការជំងឺកូវីដ១៩ ពាក់ម៉ាស់ ពាក់របាំងមុខ ដែលនាំឱ្យក្រុមគ្រូពេទ្យក្តៅស្អុះស្អាប់បែកញើសដាប់ខ្លួនជារៀងរាល់ថ្ងៃ។

បេសកកម្មរបស់ពួកគេ ក៏គ្មានស្គាល់ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាក់នោះឡើយ។ បើទោះបីត្រូវបារម្ភការឆ្លងមេរោគកូវីដ១៩ និងការលំបាកផ្សេងៗដូចរៀបរាប់ក្តី តែក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ បានប្រឹងប្រែងដោយភក្តីភាពជាមួយនឹងការងារមួយនេះ ដើម្បីធានាថា ប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

លោក យាន រស្មី ជាមន្ត្រីយោធាបម្រើការនៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ ពេទ្យយោធារូបនេះ បានរៀបរាប់ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រូបគេបានជួបការលំបាកមួយចំនួនដូចជាការចុករោយខ្នងចង្កេះ ក្តៅហប់ស្អុះស្អាប់ និងបារម្ភរឿងឆ្លងមេរោគកូវីដ១៩ផងដែរ។

បើទោះជួបការលំបាក និងការបារម្ភឆ្លងមេរោគកូវីដ១៩ក្តី តែលោក យាន រស្មី មិនរួញរាក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញរូបលោករីករាយ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កងទ័ពមានឆន្ទៈមុះមុតលើការងារចាក់វ៉ាក់សាំងនេះ ព្រោះបានសាងស្នាដៃ និងជាការធ្វើបុណ្យមួយដ៏ធំធេងផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដូច្នេះ «ទោះបីតំបន់ក្រហម តំបន់អីក៏ដោយ គឺទៅចាក់ទាល់តែអស់ ហើយមិនរារែកទេ។ បងប្អូនទាំងអស់មានឆន្ទៈធ្វើ ស្នាដៃធំធេងណាស់ ហើយគ្មាននរណាមួយរារែកនោះឡើយទោះបីតំបន់ក្រហម ទៅកន្លែងណាក៏ដោយ សប្បាយចិត្ត»

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង បានចំនួនសរុបជាង ១១លាននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈានមុខគេមួយក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន។ ក្នុងនោះរាជធានីភ្នំពេញ បានជាប់ក្នុងកំណត់ត្រាជារាជធានី ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេលើលោក។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

មកដល់ពេលនេះកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសទទួលបានជោគជ័យធំធេងលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ មានកត្តាច្រើនដែលនាំកម្ពុជាសម្រេចលើផែនការចាក់វ៉ាក់សាំង។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចលើផែនការចាក់វ៉ាក់សាំង ព្រោះប្រមុខដឹកនាំប្រទេសរូបនេះ ជាអ្នកសម្រេចដាក់ចេញផែនការ និងយុទ្ធសាស្ត្រនានា។ បើមេដឹកនាំរូបនេះ សម្រេចចិត្តខុស ឬយឺតយ៉ាវ ច្បាស់ណាស់មិនអាចធ្វើឱ្យផែនការចាក់វ៉ាក់សាំងបានសម្រេចក្នុងលទ្ធផលដ៏ល្អប្រសើរបែបនេះឡើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាប់ជាប្រចាំលើការងារចាក់វ៉ាក់សាំងនេះ។ សម្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បើមិនការខិតខំ ឬយកចិត្តទុកដាក់ពីសម្តេចតេជោ ការចាក់វ៉ាក់សាំងនឹងគ្មានលទ្ធផលល្អបែបនេះឡើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដូច្នេះ «ដោយសារគុណរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយការខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ្នឹងហើយ ដែលបានប្រជាពលរដ្ឋយើង ប្រទេសជាតិយើងមានវ៉ាក់សាំងចាក់ជូន ហើយកាត់បន្ថយពីហានិភ័យគ្រោះថ្នាក់បណ្តាលមកពីជំងឺកូវីដ១៩»

ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរកវ៉ាក់សាំងមកចាក់ជូនពួកគេផងដែរ។ កញ្ញា ហោ ស៊ីវឡាង ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ធ្វើបានល្អខ្លាំងមែនទែនលើការងារចាក់វ៉ាក់សាំងនេះ។

កញ្ញា ស៊ីវឡាង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ក៏ដូចជាដាក់ចេញផែនការនានា ដើម្បីឱ្យពលរដ្ឋទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕