(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយ លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ តំណាងអភិបាលខណ្ឌមានជ័យ និងក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តផ្ដល់អំណោយជាអង្ករជូនពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។

ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការសាខាក្រុមហ៊ុនប្លូត្រូនិក (Bluetronics) តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ុម ហឿង ក្នុងឱកាសនោះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឬសង្ស័យថា មានជំងឺកូវីដ-១៩ សូមអញ្ជើញទៅយកសំណាក នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ នៅសង្កាត់ចាក់អង្រែក្រោម។

លោកក៏បានជំរុញឲ្យពលរដ្ឋ ដែលខកខានមិនបានចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ មិនខ្វះទេ សម្រាប់ចាក់ឲ្យបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោ បានគិតគូរខ្លាំងណាស់ លើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា ពាក់ព័ន្ឋនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមាអាយុ ៦ឆ្នាំ រហូតដល់អាយុ១២ឆ្នាំ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន, លោកចៅសង្កាត់ បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ តាមការស្រង់ស្ថិតិ មានចំនួនជាង៣០០០នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) និងអាជ្ញាធរបានចែកអំណោយជូនពលរដ្ឋក្រីក្ររងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ចំនួន១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យនេះ ដោយក្នុង១គ្រួសារអង្ករចំនួន១០គីឡូក្រាម៕