(បាត់ដំបង)៖ សមត្ថកិច្ចចម្រុះការពារព្រំដែនគោកកម្ពុជា បានឃាត់ខ្លួនប្រជាពលរដ្ឋប្រុសស្រីចំនួន ៩នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារធ្វើ និងដើម្បីដើរសុំទាន តាមមេខ្យល់នាំផ្លូវខុសច្បាប់ ប៉ុន្តែត្រូវរាំងស្ទះដោយសារទឹកអូរព្រំដែនជន់ឡើងខ្លាំង នៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រង់ចំណុចព្រំដែនក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើសរុបចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ រួមទាំងជនពិការចំនួន ៤នាក់ផងដែរ។

សមត្ថកិច្ចនៅព្រំដែនបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នេះ បម្រុងឆ្លងដែនចូលក្នុងទឹកដីប្រទេសថៃ ប៉ុន្តែមិនអាចឆ្លងអូរកើតដោយសារទឹកអូរព្រំដែនជន់ឡើងខ្លាំង ក៏ថយក្រោយមកវិញ ដើម្បីរង់ចាំឱ្យទឹកស្រក។ គាប់ជួនពេលនោះ ក៏បានជួបប្រទះជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាត ក៏សង្ស័យត្រូវកម្លាំងល្បាតព្រំដែន ហៅមកសាកសួរនាំ នៅវេលាម៉ោង ៣៖៣៥នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចព្រំដែនក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង»។

ចំពោះករណីប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ខាងលើនេះ ក្រោយការសាកសួរសមត្ថកិច្ចបាននាំខ្លួន និងអប់រំណែនាំដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ ព្រមទាំងអនុញ្ញាតឱ្យវិលត្រឡប់ទៅ ស្រុកកំណើតរៀងៗខ្លួនវិញផងដែរ៕