(ភ្នំពេញ)៖ ការិយាល័យភូមិបាលខណ្ឌកំបូល ក្រុមវាលទី៧ បានចុះរៀបចំបិទផ្សាយជាសាធារណៈលទ្ធផល នៃការធ្វើតំបន់វិនិច្ឆ័យរួច ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញមកធ្វើការពិនិត្យទិន្ន័យក្បាលដី ដែលបានវិនិច្ឆ័យរួច នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សកម្មភាពចុះចុះរៀបចំបិទផ្សាយខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណសាលាបឋមសិក្សាកែវសុទ្ធចាបយិនប្រទះឡាងនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ១២២ អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័នរឺភ្នាក់ងារហិរញ្ញវត្ថុដែលពាក់ព័ន្ធនិងក្បាលដីទាំងអស់ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យបានជ្រាបថាដើម្បីអនុវត្តខ្លឹមសារនៃអនុក្រឹតយោងខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន៖ ប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រមប្រតិបត្តិកម្មវិធីបានធ្វើវាស់វែងនិងប្រមូលទិន្នន័យកន្លង។

ហេតុផលដូចបានជម្រាបខាងលើ សូមសាធារណៈជន និងអង្គភាពនានាដែលមានកាតពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរឺខុសឆ្គងដែលត្រូវកែតម្រូវរឺជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃសម្រាក គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណសាលាបឋមសិក្សា កែវសុទ្ធចាបយិនប្រទះឡាង។ ផុតរយៈពេលកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។

លោក ប៉ុក បញ្ញាធិ បានបញ្ជាក់ថា រយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុបលើទិន្នន័យទាំងនោះ ហើយលើកសំណើដល់សិទ្ធិលើអចលនវត្ថុទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុប័ណ្ណកម្មសិទ្ធិ ជូនអ្នកកាន់កាប់ណាដែលបានបំពេញលក្ខខណ្ឌតាមច្បាប់។ គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងកន្លែងបិទផ្សាយបណ្ដោះអាសន្នក្នុងបរិវេណសាលាបឋមសិក្សា កែវសុទ្ធចាបយិនប្រទះឡាង ដើម្បីរង់ចាំពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ។

ដោយមានការណែនាំពីលោក សារិន វណ្ណា នាយកទីចាត់ការគម្រោងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងជាប្រធានមន្ទីរ រៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ យើងចុះអនុវត្តន៍នៅក្នុងការងារនេះ ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺការណែនាំមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំជួបនោះទេ ដោយផ្សព្វផ្សាយតាមទូរទស្សន៍ តាមបណ្តាញសង្គម តាមឃោសនស័ព្ទតាមភូមិ និងប្រើរថយន្តមានឧបករណ៍ បំពងសម្លេងបើកតាមផ្លូវភូមិហើយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឲ្យអញ្ជើញមកពិនិត្យទិន្នន័យក្បាលដី ដែលបានវិនិច្ឆ័យរួចចំពោះភូមិខាងលើ។

ជាមួយជានេះ លោក ប៉ុក បញ្ញាធិ បានអំពាវនាវដល់ប្រជាពលរដ្ឋថា រយៈពេលមកពិនិត្យនេះ មានរយៈពេល១៥ថ្ងៃ សូមចេះការពារខ្លួនពីជំងឺកូវីដ១៩ «៣ការពារ និង៣កុំ» ឲ្យបានគ្រប់ៗគ្នា៕