(ភ្នំពេញ)៖ «ប្អូនៗត្រូវដឹងនូវអ្វីដែលត្រូវធ្វើនាពេលខាងមុខ គឺនិយាយឲ្យខ្លីត្រូវដឹងថាខ្លួនមកពីណា ឥឡូវនៅឯណា និងចង់ទៅឯណា»។ នេះជាដំបូន្មានរបស់ប្អូនស្រី លឹម ព្រហស្បត្តិ៍កូនលក្ខណ និស្សិតមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាលាភូមិន្ទរដ្ឋបាល ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ពីរភាសា នាវេទិការចែករំលែកបទពិសោធន៍ដែលបានរៀបចំឡើងដោយ AUF Cambodge នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមអនឡាញ លើប្រព័ន្ធ ZOOM។

សិស្សានុសិស្ស យុវជន សាស្ត្រាចារ្យ និងមាតាបិតាសិស្សប្រមាណ៣០០០នាក់ បានតាមដានដោយផ្ទាល់លើប្រព័ន្ធ ZOOM និងតាមរយៈការផ្សាយបន្តផ្ទាល់លើបណ្តាញសង្គមរបស់ AUF Cambodge ដែលមានការចែករំលែកបន្ថែមផងដែរ។

ប្អូនៗនិស្សិតវាគ្មិនដែលមកពីសាកលវិទ្យាល័យរដ្ឋធំៗចំនួន៤ បានចែករំលែកនូវបទពិសោធន៍ក្នុងការសិក្សាភាសាបារាំង ការជ្រើសរើសមុខវិជ្ជា-ជំនាញសំរាប់អនាគតរបស់ខ្លួន ការប្រឹងប្រែងព្យាយាមសិក្សាដើម្បីសម្រេចគោលដៅ ក្នុងការសិក្សារបស់ខ្លួនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់ពីរភាសាតាមបណ្តាវិទ្យាល័យនានានៅកម្ពុជា។ និស្សិត ចាន់ សុខជា មកពីសាលាភូមិន្ទរដ្ឋបាលលើកឡើងថា៖ «ការសិក្សាភាសាបារាំងទទួលបាន អាទិភាពជាងគេក្នុងការងារក៏ដូចជាប្រឡងចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ពីព្រោះមិនសូវមានអ្នកចេះបារាំង។ នេះជាមូលហេតុដែលប្អូនបានប្រឡងជាប់ជានិស្សិតមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីក្លាយជាមន្ត្រីរាជការនាពេលអនាគត»

ប្អូនបានបន្តថា «Il faut bien choisir le métier selon votre talent» មានន័យថា៖ ប្អូនៗត្រូវជ្រើសរើសមុខជំនាញស្របទៅតាមទេពកោសល្យរបស់ខ្លួន។ ប្អូនបានបញ្ជាក់ថា ប្អូនមកពីខេត្តកោះកុង និងមិនដែលរៀននៅ ថ្នាក់ពីរភាសាទេ ដែលជាហេតុធ្វើឲ្យប្អូនត្រូវប្រឹងប្រែងរៀនជាខ្លាំងនៅពេលចូលសិក្សាដំបូងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មុននឹងប្រឡងប្រជែងបន្តការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។
ហេតុដូច្នេះហើយប្អូន បានផ្តាំផ្ញើរដល់ប្អូនៗដែលរៀននៅថ្នាក់ពីរភាសាមានឱកាសហើយមិនត្រូវបោះបង់ឡើយ ត្រូវបន្តសិក្សារហូតចូលមហាវិទ្យាល័យក៏នៅមានការសិក្សាជាភាសាបារាំងដែរ។

ដោយឡែកប្អូន សៀន សំរុង ប្អូនហង់ សុនិមិត្ត ប្អូន ម៉េង អ័ង ក៏ដូចជាប្អូនៗនិស្សិតមួយចំនួនទៀត បានផ្តល់ដំបូន្មានឲ្យប្អូនៗសិស្សានុសិស្សសិក្សាជាក្រុម ត្រូវចេះសហការណ៏គ្នាជា មួយមិត្តភក្តិ រៀនមុខវិជ្ជាជាក្តីសុបិន្តដោយ មានអ្នកណែនាំបន្ថែម អានសៀវភៅ-ទស្សនាវដ្តីជាភាសាបារាំងអោយបានច្រើន អនុវត្តធ្វើលំហាត់ និយាយអោយបានច្រើនស្តាប់ចំរៀងនិងមើលឯកសារវីដេអូកំប្លែងផ្សេងៗ ក្នុងការបង្កើនចំណេះដឹងផ្នែកភាសាបារាំង ធ្វើយ៉ាងណាបង្កើតអោយមានការសិក្សាប្រកបដោយក្តីរីករាយទើបជក់ចិត្តក្នុងការសិក្សា។

ចំពោះប្អូន សៀក គឹមខាវ ប្អូនម៉េង អ័ង និងប្អូន សោម លីផេង មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកស្ថាបត្យកម្មបានលើកឡើងថា ត្រូវមានគោលដៅច្បាស់លាស់លើការសិក្សានៅមហាវិទ្យាល័យមិនដូចនៅវិទ្យាល័យឡើយ វាទាមទារឲ្យយើងប្រឹងប្រែងខ្លាំង។ ជាពិសេសជ្រើសរើសភាសាបារាំង ឬភាសាបរទេសណាមួយសំរាប់បន្តការសិក្សាត្រូវដឹងថា ត្រូវបន្តការសិក្សានៅថ្នាក់ម៉ាស្ទ័រទៀត ឬបន្តការសិក្សានៅក្រៅប្រទេស ត្រូវដឹងជាមុនថាភាសាមួយណាដែលផ្តល់អាទិភាពសំរាប់ការសិក្សារបស់ខ្លួន។ និយាយឲ្យខ្លីគឺជ្រើសរើសភាសាមួយណាដែលនាំយើងឲ្យដល់គោលដៅក្នុងមុខវិជ្ជារបស់ខ្លួន។

សំរាប់ប្អូនៗការសម្រេចចិត្តសិក្សាជាភាសាបារាំងពីព្រោះនៅប្រទេសបារាំងនិងអ៊ឺរ៉ុបសំបូរអ្នកជំនាញច្រើន និងមានឯកសារជាច្រើនផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រខ្មែរផង ដែលងាយស្រួលអោយប្អូនៗអាចធ្វើការស្រាវជ្រាវ និងពង្រីកការយល់ដឹងបានច្រើន។

សូមបញ្ជាក់ថា នាឱកាសប្រារព្ធខួបលើកទី៦០ AUF Cambodge បានរៀបចំកម្មវិធីជំនួបរវាង និស្សិត-សិស្សថ្នាក់ពីរភាសាស្តីអំពីជោគជ័យក្នុងការសិក្សាតាមបណ្តាញភាសាបារាំង។ និស្សិតឆ្នើមមកពីសាកលវិទ្យាល័យ១១រូប បានចែករំលែកភាពជោគជ័យក្នុងការសិក្សារបស់ខ្លួនក៏ដូចជាបង្ហាញនូវការតម្រង់ទិសសំរាប់ការសិក្សានាពេលអនាគតរបស់ប្អូនៗសិស្សានុសិស្សនៅតាមមហាវិទ្យាល័យនានានាពេលអនាគត។

មុននឹងបញ្ចប់ការចែករំលែកបទពិសោធន៍ កម្មវិធីបានឈានដល់វេទិការសំណួរចម្លើយដោយមានការផ្លាស់ប្តូរនិងការចោទសួររវាងសិស្សានុសិស្ស និស្សិត និងលោកគ្រូអ្នកគ្រូជាច្រើនទាក់ទងនឹងការបន្តការសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ នីតិសាស្ត្រ និងការបង្កើនសមត្ថភាពក្នុងការស្តាប់ភាសាបារាំងជាដើម។ល។ ដោយឡែកលោក ម៉ុល វិបុល ដែលជាអតីតនិស្សិតភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតនិស្សិតមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលបានចែករំលែកបទពិសោធន៍ខ្លះៗ និងបានស្នើសុំឲ្យបង្កើតកម្មវិធីផ្លាស់ប្តូរនេះជាថ្មីម្តងទៀត ដោយទុកពេលឲ្យមានការផ្សព្វផ្សាយបានយូរដើម្បីឲ្យសិស្សានុសិស្សបានចូលរួម កាន់តែទូលំទូលាយ ត្បិតកម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់សំរាប់យុវជនខ្មែរ៕