(ភ្នំពេញ)៖ សំណុំរឿងឃាតកម្មមួយ ដែលបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយអតីតអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឈ្មោះ ឌួង ណាគ្រី ដោយបានបាញ់ប៉ងសម្លាប់២នាក់ប្តីប្រពន្ធនោះ រហូតមកដល់ពេលនេះ មិនទាន់បានបិទបញ្ចប់នៅឡើយទេ ដោយតតាំងគ្នានៅក្នុងដៃតុលាការនៅឡើយ។

សម្រាប់ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយកើតហេតុនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាតតាមបញ្ញត្តិ មាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងអាវុធ និង គ្រាប់រំសេវ» ហើយត្រូវបានចៅក្រមប្រកាសផ្តន្ទោទោសដាក់ពន្ធនាគារចំនួន១០ឆ្នាំ រួចបានបញ្ជូនទៅកាន់ពន្ធនាគារ។

ដោយសារតែមិនសុខចិត្តជនជាប់ចោទរូបនេះ បានសម្រេចប្តឹងជំទាស់មកសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងលើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ តាមរយៈការបើក សវនាការលើសំណុំរឿងមួយនេះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះ បានសម្រេចដាក់ទោសអតីតមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ ជាប់ពន្ធនាគារតែ៥ឆ្នាំប៉ុណ្ណោះ ពោលដោយបន្ថយទោសចំនួន៥ឆ្នាំ ដែលសាលាដំបូងបានសម្រេច ព្រមទាំងតម្រូវឲ្យអនុវត្តទោសនៅក្នុងពន្ធនាគារតែ៣ឆ្នាំ ហើយទោសនៅសល់ប៉ុន្មានត្រូវព្យួរទាំងអស់។

ជាមួយនឹងការសម្រេចរបស់ចៅក្រមជំនុំជម្រះខាងលើនេះ បានធ្វើឲ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មិនអាចទទួលយកនោះឡើយ ហើយក៏បានដាក់ពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូលតែម្តង។

សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប៉ងសម្លាប់២នាក់ប្តីប្រពន្ធនេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធដែលរងរបួសធ្ងន់។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕