(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រគេនដល់ព្រះសង្ឃ និងកុមារ ដែលមានព្រះជន្ម/អាយុចាប់ពី៦ ដល់ក្រោម១២វស្សា/ឆ្នាំ នៅទូទាំងមូលដ្ឋានខណ្ឌ។

បើតាមសេចក្តីជូនដំណឹង បានឱ្យដឹឺងថា រដ្ឋបាលខណ្ឌកំបូល បានសហការជាមួយការិយាល័យសុខាភិបាលប្រតិបត្តិពោធិ៍សែនជ័យ ដោយរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់សាមណេរព្រះសង្ឃកុមារ អាយុ៦វស្សា/ឆ្នាំ ដល់ក្រោមអាយុ ១២វស្សា/ឆ្នាំ ដោយស្ម័គ្រចិត្តដោយមិនគិតថ្លៃ។

កម្មវិធីនេះចាក់វ៉ាក់សាំងមានដូចខាងក្រោម៖ ចាក់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងចាក់ដូសទី២ ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

ទីតាំងចាក់វ៉ាក់សាំងមានចំនួន៥កន្លែងរួមមាន៖ វត្តកំបូល, មណ្ឌលសុខភាពស្នោរ, មណ្ឌលសុខភាពឪឡោក, មណ្ឌលសុខភាពបឹងធំ និងមណ្ឌលសុខភាពប្រទះឡាង។

ដូចនេះ សូមមេត្តាបិតាអាណាព្យាបាលសូមអញ្ជើញនាំកុមាររស់នៅក្នុងបន្ទុកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតឬសង្ឃដីកាលិខិតបញ្ជាក់លំនៅចេញដោយរដ្ឋបាលសង្កាត់តាមកាលបរិច្ឆេទខាងលើនៅពេលព្រឹកចាប់ពីម៉ោង ៧៖០០នាទីដល់ម៉ោង១១៖០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៖៣០នាទី ដល់ម៉ោង៤៖៣០នាទី៕