(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាប់ថ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនកុមារអាយុ ចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ ទូទាំងខេត្ត ប្រភេទស៊ីណូវ៉ាក់ ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង។ ប្រទេសកម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកទុកដាក់គិតគូរយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺអនាគត់របស់ក្មួយៗ ចៅៗ ដែលខកខានការសិក្សារៀនសូត្រ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដោយសារតែប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ត្រូវបិតផ្អាកជាបណ្តោះអាសន្ននៃការរបង្រៀន និងរៀនជួបជុំសិស្សច្រើន ដោយប្តូរទៅបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិច្ច និងបង្រៀនទៅតាមបណ្តុំតូចៗវិញ។

ចំពោះក្តីព្រួយបារម្មណនេះ សម្តេចតេជោ បានស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ការពារបន្ថែម ជូនដល់ប្រជាពលរដ្ឋគ្រប់រូបទៅតាមជំហ៊ានដើម្បីឱ្យមានប្រព័ន្ធការពារភាពស៊ាំបន្ថែម ក្នុងការរស់នៅក្នុងគន្លងថ្មី នៃបរិបទជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយការឆ្លងជំងឺមួយនេះ ហើយអ្វីរិតតែសំខាន់នោះ គឺការពារពីការឆ្លងនៅពេលរៀន និងបង្រៀនក្នុងឱកាសដែលរាជរដ្ឋាភិបាលសម្រេចប្រកាសឱ្យបើកដំណើរការសាលារៀនឡើងវិញទៅតាមតំបន់ ដែលមានហានិភ័យកម្រិតទាបពីការឆ្លងជំងឺកូវីដ១៩ ដោយកំណត់ចំនួនសិស្ស ក្នុង១ថ្នាក់ឲ្យតិចជាង១៥នាក់។

អភិបាលខត្ដ បានបន្តទៀតថា ជាការគោរពដឹងគុណ និងជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល គឺក្មួយៗ ចៅៗ ត្រូវតែខិតខំរៀនសូត្រឱ្យបានពូកែ និងបន្តរៀនឱ្យបានជាប់ថ្នាក់ទាំងអស់គ្នា ដើម្បីចូលរួមកសាងងភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាពចំណេះដឹងជំនាញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមមូលដ្ឋានរបស់ខ្លួន។

ជាងនេះទៅទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕