(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកំពង់ស្វាយ បានជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទប់ស្កាត់ការប្រើប្រាស់ជួញដូរគ្រឿងញៀន និងចូលរួមអនុវត្តបទល្មើសផ្សេងៗ។

ការជំរុញបែបនេះរបស់លោកស្រី ក្នុងពេលដែលលោកស្រី ជួបសំណេះសំណាលជាមួយ អាជ្ញាធរឃុំ ភូមិនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រី លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ រួមនឹងក្រុមការងារផងដែរ។

នាឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី បានកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំ រួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗ ជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនិងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានល្អប្រសើឆ្ពោះទៅមុខ។

ជានេះទៅទៀត លោកស្រីបានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកស្រីក៏បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវការដោះស្រាយដោយឈរលើគោលការណ៍ទទួលខុសត្រូវ និងមានប្រសិទ្ធភាពព្រមទាំងផ្តល់ឱកាសដល់ប្រជាពលរដ្ឋឱ្យមានការបញ្ចេញមតិយោបល់ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ។

បន្ថែមពីនេះទៀតព លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ប្រាប់ទៅមន្ត្រីមូលដ្ឋាន ត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មីត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាព នៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រីបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឱ្យធ្វើអំពើល្អជាគម្រូល្អដល់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋជឿទុកចិត្ត ត្រូវថែរក្សាសុខភាពពិសេសការពារជំងឺកូវីដ១៩ និងទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា។

សម្រាប់កម្មវីធីនេះដែរ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏បានសំណូមពរសូមឱ្យក្រុមការងារជួយសាងសង់ផ្លូវដីស ប្រវែង ២៥គីឡូម៉ែត្រ ចេញពីឃុំកំពង់គោទៅឃុំផាត់សណ្តាយ ដើម្បីងាយស្រួលធ្វើដំណើរ និងដឹកកសិផលផ្សេងៗ នៅរដូវប្រាំង ព្រោះថារដូវប្រាំងទឹកស្ទឹងសែន គោករាក់អស់។

លោកស្រី បានឧបត្ថម្ភថវិកា និងសម្ភារដល់ក្រុមការងារនិងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគតៅប្រគេនព្រះសង្ឈនៅវត្តសុវណ្ណជលសាហៅវត្តកំពង់ចម្លងផងដែរ៕