(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា សម្រាប់ខេត្តរតនគិរីមាន៩ ក្រុង-ស្រុក និងមានកុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ សរុបចំនួន ៣៣,០១៣នាក់ ដែលកំពុងចាប់ផ្តើមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានបន្តថា ចំពោះការផ្ដល់វ៉ាក់សាំង ដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ សម្រាប់ខេត្តរតនគិរី គឺចាប់ផ្ដើមផ្ដល់ជូនចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មកម្លេះហើយ ទាំង៩ក្រុង-ស្រុក បើកយុទ្ធនាការព្រមគ្នាតែម្ដង។ ក្នុងរយៈពេលតែពីរថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ទូទាំងខេត្តរតនគិរី បានផ្ដល់វ៉ាក់សាំងដល់កុមារបានចំនួន ១០,៦៥០នាក់។

លោក អ៊ុង រតនា បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយគិតចាប់ពីវ័យ៦ឆ្នាំ ឡើងទៅបានចំនួន ១៩២,៥៩២នាក់។

ប្រធានមន្ទីររូបនេះ បានបន្ថែមថា ចំពោះប្រជាពលរដ្ឋ ដែលខកខានមិនបានទទួលវ៉ាក់សាំងកូវីដ១៩កន្លងមក, ដោយបញ្ហាសុខភាព ឬបញ្ហាទាក់ទងទៅនឹងការមានផ្ទៃពោះឆ្លងទន្លេ គឺអាចមកទទួលវ៉ាក់សាំងបាននៅគ្រប់មណ្ឌល ដែលមានគ្រូពេទ្យរងចាំចាក់ជូន។ បន្ទាប់ពីការបញ្ចប់នៃយុទ្ធនាការផ្ដល់វ៉ាក់សាំងជូនកុមារអាយុ៦ ឆ្នាំដល់ក្រោម១២ឆ្នាំ រួចរាល់នោះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានរៀបចំទីតាំងចំនួន២កន្លែង ក្នុងខេត្តសម្រាប់ទទួលការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលខកខានមិនទាន់បានទទួលវ៉ាក់សាំងរួមមាន៖

*ទី១៖ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
*ទី២៖ មន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ដោយឡែក សម្រាប់បញ្ហាជំងឺកូវីដ១៩ នៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន គឺដោយការអនុវត្តតាមផែនការថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដើម្បីទប់ស្កាត់កុំឱ្យរីករាលដាលបន្តទៀតជាលទ្ធផល គឺគ្រប់គ្រងស្ថានការណ៍បានស្ទើរទាំងស្រុង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំបាននឹងកំពុងពិនិត្យតាមដានស្ថានភាពនៃការវិវត្តរបស់ជំងឺកូវីដ១៩ ទូទាំងខេត្ត។

នៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីទទួលបានវ៉ាក់សាំងគ្រប់គ្នាក៏ដោយត្រូវបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីបញ្ចៀសជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍ ឬឆ្លងចូលក្រុមគ្រួសាររបស់បងប្អូន៕