(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជ័យសែន បានឃាត់ខ្លួនពីបទប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ និងរាលកៃបណ្តាលឱ្យជនរងគ្រោះស្លាប់នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចត្រពាំងហ្គេមស៊ូម ក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង និងជានាយសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា «មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះ បានដើរបរបាញ់សត្វជាមួយគ្នា ដោយប្រើប្រាស់កាំភ្លើងកែច្នៃការប៊ីន។ ប៉ុន្តែដោយជនសង្ស័យខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឱ្យរាលកៃកាំភ្លើងត្រូវជនរងគ្រោះបណ្តាលស្លាប់ ខណៈពេលដែលកំពុងដេញសត្វ»

លោកថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូ ឈឿន អាយុ៣៨ឆ្នាំ មុខរបរកសិកររស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ រងរបួសចំពីក្រោយខ្នងចំនួនពីរគ្រាប់។ ចំណែកជនបង្កឈ្មោះ ភោក ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន ដើម្បីបំពេញនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕