(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានជុំរុញឱ្យមន្ត្រីធ្វើយ៉ាងណារួមគ្នា យកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសការចលនាប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ឯក ឃុនដឿន បានជុំរុញមន្ត្រីយ៉ាងដូច្នេះ ក្នុងពេលដែលលោកចូលរួមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានផែនការពីរដ្ឋបាលរាជធានីភ្នំពេញ និងការអំពាវនាវរបស់ក្រសួងសុខាភិបាល ដល់គណៈកម្មការគ្រប់គ្រងវត្តអារាមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវនេះ ក៏មានការចូលរួមពីលោក ប្រាជ្ញ សីហា, លោក លីន ញ៉ក់, លោកស្រី សួស សូលីដា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌទាំង៤ ប្រធាន-អនុប្រធានតាមបណ្ដារការិយាល័យជុំនាញរដ្ឋបាលខណ្ឌ, និងអធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ និងអស់លោក-លោកស្រីចៅសង្កាត់ នាយនគរបាលប៉ុស្ដិ៍ និងប្រធាន អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក ឯក ឃុនដឿន បានសង្កត់ធ្ងន់លើការចលនាប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមបណ្ដារវត្តចំនួន៥ រួមមាន៖ (វត្តឧត្តរាវត្តី-វត្តទួលសន្តិវ័ន្ដ-វត្តញាណរង្ស៉ី-វត្តទួលសុវណ្ណរាម-វត្តកោះមេត្តាពោធិ៍វង្ស) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្រៅពីរួមគ្នាយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ៕