(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងតំណាក់កាលឆ្លងកាត់អស់រយៈជាង២ទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជាដោយ «នយោបាយឈ្នះ-ឈ្នះឈ្នះ» របស់សម្តេច បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងតំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយ «នយោបាយឈ្នះ-ឈ្នះឈ្នះ» របស់ខ្ញុំព្រះករុណាខ្ញុំ បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា»

តាមរយៈសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានបន្តថា រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក «មានសន្តិភាព មានការអភិវឌ្ឍ»

ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបានធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាពពិភពលោក៕