(កំពង់ធំ)៖ ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានចុះអភិវឌ្ឍគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋានបានលើកស្លាកចំនួន៩០ស្លាក នៅទូទាំងខេត្តកំពង់ធំ ដែលមាន៨១ឃុំ-សង្កាត់ និង៩ក្រុងស្រុក ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តថា អង្គការទាំងអស់នេះ បានជួយទៅលើគម្រោងដែលមានឈ្មោះថាគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ដែលបានជួយទៅលើប្រជាពលរដ្ឋ មានមុខរបរជួបការលំបាក និងការអនុវត្តមុខរបរខ្នាតតូច ដោយអនុវត្តទៅលើការចិញ្ចឹមសត្វ និងដាំបន្លែរួមទាំងជួយទៅដល់សិស្សក្រីក្រជាស្រី ដែលមានការលំបាកដោយធ្វើយ៉ាងណាឲ្យសិស្សស្រីបានសិក្សាឆ្លងផុតភូមិសិក្សា និងជួយទៅដល់ប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតដោយ សារផលប៉ះពាល់កូវីដ និងទម្រង់ការធ្វើអគារស្នាក់នៅរបស់គ្រូបង្រៀន អគារស្នាក់នៅរបស់គ្រូ និងសិស្សដែលមកពីឆ្ងាយ និងសាងសង់មជ្ឈមណ្ឌល សិក្សាសហគមន៍ពេញមួយជីវិតផងដែរ។

លោកបានបញ្ជាក់ថា គម្រោងនេះ គឺមានគោលបំណងចង់បង្ហាញអំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទៅដល់ក្រុមប្រឹក្សាក្រុងស្រុករដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យពួកគាត់ចូលរួមទី១៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដើម្បីឱ្យភូមិឃុំរបស់ពួកគាត់ទាំងអស់ក្លាយទៅជាភូមិឃុំ ដែលមានសុវត្ថិភាព ទី២៖ គឺការចូលរួមអនុវត្តវិធានការក្នុងយុទ្ធនាការការពារជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បាន ប្រកាសស្ដីអំពីការអនុវត្តវិធានការ បីកុំ បីការពារ របស់យើងទាំងអស់គ្នា គឺចង់ឱ្យប្រជាពលរដ្ឋគាត់មើលឃើញអំពីយុទ្ធវិធីការពារជំងឺកូវីដ១៩ និងទី៣៖ គឺយើងចង់ឲ្យប្រជាពលរដ្ឋទាំងអស់ដឹងថាគ្រប់រដ្ឋបាលស្រុក ក្រុងទាំងអស់គឺមានច្រកចេញចូលតែមួយហើយច្រកចេញចូលតែមួយនេះគឺចង់ឱ្យប្រជាពលរដ្ឋយល់អំពីការផ្ដល់សេវារបស់ក្រុង ស្រុក ដើម្បីពួកគាត់មានភាពងាយស្រួល មានភាពលឿនរហ័ស និងមានតម្លាភភាព គណីភាព។

ជាចុងក្រោយប្រធានសមាគមបានថ្លែងអំណរគុណចំពោះ អាជ្ញាធរឃុំ សង្កាត់ និងក្រុងស្រុងទាំងអស់ដែលបានចូលរួមសហការណ៍ ជាពិសេសនោះ គឺគម្រោងលើកកម្ពស់សមាសភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សា ដែលតែងតែជួយគាំទ្រទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងស្រុកក្រុមប្រឹក្សាឃុំ សង្កាត់ បានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំរួមទាំងអង្គការដៃគូរ ដែលបានចូលរួមជួយក្នុងការអភិវឌ្ឍ៍ភូមិឃុំ ដូចជាបងប្អូនប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើរឡើង៕