(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ក្នុងសង្គមជាតិមួយ ដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយមិនខាន»។ នេះបើយោងតាមសារលិខិតអបអរសាទររបស់សម្តេចតេជោ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិតជូនជនរួមជាតិ អំពីឆន្ទៈនិងបុព្វហេតុក្នុងការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់មនសិការរបស់ជនរួមជាតិ ឱ្យចូលរួមកាន់តែសកម្ម ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត មើលឃើញពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។ ជារួម ប្រវត្តិសាស្ត្រ និងបទពិសោធនៃសង្គមនីមួយៗ បានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

«ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើង មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម»។ នេះបើតាម ប្រសាសន៍ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

បើតាមសម្តេចតេជោ ហ៊ុន សែន, ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គម ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិ។

នៅក្នុងន័យនេះ ដើម្បីសម្តែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ ដែលបានបន្សល់ទុកនូវសមិទ្ធផល និងមរតកជាច្រើននោះ រាជរដ្ឋាភិបាលបានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ ជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។

ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។ ជាក់ស្ដែង រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ផងដែរ៕