(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានពន្យល់ណែនាំដល់សិស្សានុសិស្ស ដែលទទួលបានការចូលសិក្សាឡើងវិញ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការយកចិត្តទុកដាក់រក្សាអនាម័យជាប់ជានិច្ច ដើម្បីចៀសផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ ពិសេសការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក ជា ពិសី បានជុំរុញដល់សិស្សានុសិស្សបែបនេះ ក្នុងពេលដែលលោកដឹកនាំក្រុមការងារចុះឧបត្ថម្ភម៉ាស៉ីនបាញ់ថ្នាំ និងថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដល់សាលាចំនួន៦ ក្នុងមូលដ្ឋាន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោក ជា ពិសី ក្នុងដំណើរចុះឧបត្ថម្ភម៉ាស៉ីនបាញ់ថ្នាំ និងថ្នាំសម្លាប់មេរោគ ដើម្បីប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដល់សាលាចំនួន៦នេះ បានពន្យល់ណែនាំដល់សិស្សានុសិស្សថា វិធានការណ៍ការពារខ្លួន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ គឺ ៣កុំ ៣ការពារនោះមានដូចជា៖

៣ការពារ៖

*ពាក់ម៉ាសការពារមាត់ និងច្រមុះពីការប៉ះពាល់ទៅនឹងផ្ទៃខាងក្រៅរាល់ពេលដែលលោកអ្នកចេញពីផ្ទះ។ ការពាក់ម៉ាសក៏បានកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ និងច្រមុះបានផងដែរ។
*ត្រូវសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ ឬអាកុលយ៉ាងតិច ៤០វិនាទី បន្ទាប់ពីលោកអ្នក ក្អក ឬ កណ្ដាស់, ពេលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអំឡុងពេលថែទាំពួកគេ, មុនពេលបរិភោគអាហារ និងជាពិសេសក្រោយពេលបន្ទោរបង់រួច។
*រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ពីអ្នកដ៏ទៃដើម្បីការពារឲ្យបាននៃការសាយភាយនៃមេរោគពីមនុស្សម្នាក់ និងមនុស្សម្នាក់ទៀតក្នុងបរិយាកាសខាងក្រៅ។ ការរក្សាគម្លាតអាចធ្វើឡើងនៅពេលដែលលោកអ្នកតម្រង់ជួរទិញទំនិញ, ការចូលរួមកិច្ចប្រជុំក្នុងបន្ទប់បិទជិត, ការសន្ទនាជាមួយមនុស្សដែលមិនមែនជាសមាជិកគ្រួសារក្នុងផ្ទះ និងករណីផ្សេងៗជាច្រើនទៀត។

៣កុំ៖

*កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នាដូចជាក្នុងជណ្ដើរយន្ត, ក្លឹបកម្សាន្ត និងបន្ទប់ដែលពុំមានបើកបង្អួច។
*កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាភាគរយនៃការសាយភាយនៃវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមានកម្រិតខ្ពស់ និងពិបាកក្នុងការពារ។ ឩទាហរណ៍ ការចូលរួមមង្គលការ ឬកម្មវិធីដែលមានអ្នកចូលរួមច្រើននាក់, ភោជនីយដ្ឋានដែលមានមនុស្សច្រើនជាង ២០នាក់ និងផ្សារលក់ទំនិញដែលមានមនុស្សច្រើនជាដើម។
*កុំប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាចាប់ដៃ, ឱប ឬ កៀកស្មា។ លោកអ្នកនៅតែអាចប្រើប្រាស់ភាសាកាយវិការដែលមិនប៉ះពាល់គ្នាតាមរូបភាពជាច្រើនដូចជា ជំរាបសួរ ឬលើកដៃជាសញ្ញា៕