(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញលិខិតព្រមានលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោយមានរូបភាពបែកធ្លាយមួយ ដែលរូបជួបជុំផឹកស៊ីបង្ហាញអំពីការផ្គើនចំពោះវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកាចសាហាវកូវីដ១៩ របស់រដ្ឋបាលខេត្តកណ្ដាល។
ក្រោយបែកធ្លាយរូបភាពភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានចេញលិខិតព្រមានលោកវរសេនីយ៍ឯក ផាន់ វណ្ណី ដោយព្រមានឱ្យមានការកែប្រែទង្វើផ្គើនរបស់ខ្លួនទៅនឹងបម្រាមរបស់រដ្ឋបាលខេត្តកណ្ដាលជាបន្ទាន់ ដែលជាទង្វើមិនសាកសមទាល់តែសោះ។ ព្រមទាំងបានដាក់ពិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ប.ប.ជ ទៀតផង។
ក្នុងលិខិតព្រមានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ មានខ្លឹមសារព្រមានធ្ងន់ៗពីសំណាក់លោកស្នងការ «ដែលជាការព្រមានលើកទី១ ហើយសិនជានៅហ៊ានផ្គើនទៀតនោះ ផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនឹងបញ្ជូនទៅកាន់អគ្គស្នងការដើម្បីពិនិត្យសម្រេចលើបុគ្គលនេះ»។
គួរជម្រាបជូនថា នាពេលកន្លងទៅបុគ្គល ផាន់ វណ្ណី ក៏ធ្លាប់ត្រូវបានមន្ត្រីនគរបាលជាច្រើននាក់ក្រោមឱវាទ ស្នើសុំលោកស្នងការខេត្តកណ្ដាល ដកចេញពីតំណែងផងដែរ ដោយសារតែកង្វះខាតសមត្ថភាពក្នុងការដឹកនាំ ភាពគ្មានវិន័យ អត្តចរិតមិនល្អ និងមានការគៀបសង្កត់ថ្នាក់ក្រោមជាដើម។ ប៉ុន្តែលោក ផាន់ វណ្ណី ត្រូវបានលោកស្នងការព្រមានឱ្យកែប្រែខ្លួនម្ដងជា២ដងរួចមកហើយ ខណៈដែលលើកនេះ លោក ផាន់ វណ្ណី ហ៊ានផ្គើននឹងបម្រាមរបស់អភិបាលខេត្តកណ្ដាលទៀតផង ដោយគ្មានគោរពថ្នាក់លើបន្តិចសោះឡើយ៕