(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តមុន្នីប្រសិទ្ធវង្ស (វត្តព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសដ៏ថ្លៃថ្លានេះ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរាប់បាត្រប្រគេនព្រះសង្ឃ បង្សុកូលដាឆ្លង វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែល បានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ជាស៊ីម បានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមជាពុទ្ធសាសនិក និងគោរពជឿជាក់យ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ប្រពៃណីសាសនាខ្មែរឱ្យគង់វង្សថិតថេរយូរអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីដ៏ធំនេះ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តែងតែចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួនតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ពិធីបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ៕