(បាត់ដំបង)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសាងសង់ផ្លូវជាតិលេខ៥ តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យចុងក្រោយ និងប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ដល់ក្រុងសិរិសោភ័ណ ជាកំណាត់ភាគខាងជើង ដែលមានប្រវែងសរុបជាង៨៤គីឡូម៉ែត្រ។

ការចុះត្រួតពិនិត្យចុងក្រោយ និងប្រគល់-ទទួលនេះដែរក៏មានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនសាងសង់ មន្ត្រីបច្ចេកទេសជំនាញ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។

លោក តូច ចាន់កុសល បានថ្លែងបញ្ជាក់ថា កាចុះត្រួតពិនិត្យ និប្រគល់ទទួលនេះ ក្រោយឃើញថាក្រុមហ៊ុនសាងសង់បានធ្វើរួចរាល់ និងឆ្លងកាត់ការចុះត្រួតពិនិត្យជាច្រើនលើក ឃើញមានគុណភាពល្អ អាចទទួលយកបាន។ ក្រោយពីការចុះទទួលយកនេះក្រុមហ៊ុនសាងសង់ត្រូវមានភារកិច្ចមើលថែទាំ១ឆ្នាំបន្ថែមទៀត។

ជាមួយគ្នានោះដែរលោក តូច ចាន់កុសល ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ខិតខំធ្វើការកែរសម្រួលបំពេញនូវចំណុចខូចខាតតិចតួចឱ្យបានរួចរាល់ទាំងអស់ និងឱ្យបានត្រឹមត្រូវតាមលក្ខលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។

ខណៈដែលនៅតាមកំណាត់ផ្លូវជាតិ៥ ភាគខាងជើងននេះមានកំណាត់ខ្លះក្រសួងសាធារណការ បានសម្រេចធ្វើជាផ្លូវថ្មី និងបានរក្សាទុកចំណីផ្លូវរួចររាល់ តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តបំពាន លោក តូច ចាន់កុសល ក៏បានណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការគ្រប់គ្រងឲ្យបានតឹងរ៉ឹងបំផុត ដាច់ខាតមិនត្រូវឱ្យមានប្រជាពលរដ្ឋឋបំពានសម្រាប់ផ្លូវធ្វើថ្មីនេះឡេីយ។

បន្ថែមពីនេះលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមប្រេីប្រាស់ និងជួយថែរក្សាផ្លូវនេះឱ្យបានគង់វង្ស និងមិនត្រូវបំពានលេីដីចំណីផ្លូវថ្មីនេះឡេីយ បេីសិនចង់ភ្ជាប់ដីមកកាន់ផ្លូវថ្មីមួយនេះ ត្រូវធ្វេីការស្នេីទៅកាន់មន្ទីសាធារណការ និងសុំការសម្រេចពីខេត្តជាមុនសិន ដេីម្បីធ្វេីយ៉ាងណាឱ្យការតភ្ជាប់បានត្រឹមត្រូវតាមលក្ខណបច្ចេកទេស និងអាចធ្វេីឱ្យផ្លូវអាចប្រេីប្រាស់បានយូរអង្វែង។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣.០៤ លានដុល្លារអាមេរិក។

គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦.២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣.៩២គីឡូម៉ែត្រ) ហើយកញ្ចប់ទី២សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨.៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩.៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និងTANCONS ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការស្ថាបនាមានរយៈពេល៣៦ខែ៕