(ភ្នំពេញ)៖ ក្រុមហ៊ុនអារហារបំប៉ន យូនីស៉ីធី ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ នៅសប្តាហ៍មុន បានបរិច្ចាគថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩។

បើតាមការប្រកាសរបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារហ៉ីម៉ាវ៉ារី តាមប្រព័ន្ធ Zoom Online, មូលហេតុដែលក្រុមហ៊ុនបរិច្ចាគថវិកាយ៉ាងច្រើននេះ ដោយមើលឃើញពីការយកចិត្តទុកដាក់ពីសុខុមាលភាព និងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សំដៅដល់ការជួយទប់ស្កាត់ក្នុងការរីករាលដាលពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

យោងតាម Facebook សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺសមាគមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនយូនីស៉ីធី ដែលឧបត្ថម្ភថវិកា ចំនួន ១០០,០០០ដុល្លារ និងសមាជិកក្រុមហ៊ុន ដែលឧបត្ថម្ភថវិកាចំនួន ២៩,២៥១ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ រួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈនេះ។

លោក Christopher Kim ដែលជានាយកជាន់ខ្ពស់នៃក្រុមហ៊ុនយូនីស៉ីធីអន្តរជាតិ បានចូលរួមថ្លែងបញ្ជាក់តាមប្រព័ន្ធអនឡាញយ៉ាងដូច្នេះថា «យូនីស៉ីធី របស់យើងមានដំណើរការប្រមាណជាង ៥០ប្រទេស ប៉ុន្តែគោលដៅរួមតែមួយរបស់យើង គឺការធ្វើយ៉ាងណាឲ្យមនុស្សម្នា មានការរស់នៅ និងសុខភាពល្អ ស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន គឺការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ដោយសារយើងមានផលិតផលដ៏អស្ចារ្យ រួមជាមួយនឹងឱកាសអាជីវកម្ម ក៏ដូចជាបេះដូងរួមមួយពីអ្នកចែកចាយរបស់យើងទាំងអស់ មិនថានៅប្រទេសកម្ពុជា ប៉ុន្តែនៅជុំវិញពិភពលោកផងដែរ។ យូនីស៉ីធី នៅតែបន្តធ្វើការងារមនុស្សធម៌បែបនេះតទៅទៀត»