(បរទេស)៖ ស្ថាប័នស្រាវជ្រាវសហរដ្ឋអាមេរិក Institute for Policy Studies កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយអត្ថបទមួយ ដែលកត់សម្គាល់ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសកម្ពុជា។
ប្រទេសជាច្រើន ដែលកន្លងមកធ្លាប់តែគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដោយប្រសិទ្ធភាព ឥឡូវនេះកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួន Delta។ យ៉ាងណាក្តី នៅក្នុងទំនោរអវិជ្ជមាននេះ កម្ពុជាត្រូវបានសង្កេតឃើញថា ហាក់កំពុងតែទប់ទល់វីរុស Delta ដោយជោគជ័យ។
ទោះបីត្រឹមជាប្រទេសតូចមួយ ដែលមានទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (per capita GDP) ស្មើនឹង១០ភាគរយ នៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់សហភាពអឺរ៉ុប កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រហាក់ប្រហែលគ្នា ហើយមានអត្រាអ្នកស្លាប់តិចជាងដល់ទៅ២០ដង។
ប្រទេសជិតខាងរបស់កម្ពុជា ដូចជាថៃនិងវៀតណាមជាដើម សុទ្ធតែកំពុងមានករណីឆ្លងប្រចាំថ្ងៃជាមធ្យមខ្ទង់ម៉ឺននាក់ និងស្លាប់ខ្ទង់រយនាក់ ដោយសារតែវីរុស Delta បន្ទាប់ពីប្រទេសទាំងនេះ ត្រូវគេចាត់ទុកថា បានគ្រប់គ្រង COVID-19 ដោយជោគជ័យអស់ជាច្រើនខែ។ ភាពជោគជ័យរបស់កម្ពុជា ត្រូវគេយល់ឃើញថា គឺដោយសារយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដែលបានប្រព្រឹត្តទៅយ៉ាងរលូននិងឆាប់រហ័សបំផុត។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងៗគេលើលោក ដែលបានចាក់វ៉ាក់សាំងដូសជំរុញ និងចាក់ឲ្យកុមារ។
ជាក់ស្តែងបើក្រឡេកមើលទិន្នន័យផ្ទាល់វិញ គឺបច្ចុប្បន្នប្រជាជនកម្ពុជាជាង១០លាននាក់ ឬស្មើនឹងជាង៦៥ភាគរយ នៃចំនួនប្រជាជនសរុប ទទួលបានការចាក់វ៉ាក់សាំង២ដូសពេញលេញ (គ្រប់ដូស) ខណៈនៅប្រទេសថៃទើបសម្រេចបាន ត្រឹមជិត២៣ភាគរយ ហើយវៀតណាមសម្រេចបានជាង៧ភាគរយ តែប៉ុណ្ណោះ។
ជោគជ័យនៃការចាក់វ៉ាក់សាំងបានជួយឲ្យកម្ពុជា រក្សាតួលេខអ្នកស្លាប់នៅកម្រិតយ៉ាងទាប ធៀបនឹងប្រទេសជិតខាង នៅក្នុងតំបន់អាស៊ាន។ ហេតុផលមួយផ្នែកនៃការសម្រេចបានសមិទ្ធផលនេះ គឺដោយសារតែកម្ពុជាមានវ៉ាក់សាំងច្រើនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ ហើយការដាក់កាតព្វកិច្ចវ៉ាក់សាំង ក៏ត្រូវបានទទួលស្គាល់ដែរថា គឺជាមូលហេតុចម្បងមួយ។ ប្រទេសធំៗនៅលោកខាងលិច ដូចជាបារាំង និងសហរដ្ឋអាមេរិក ជាដើម ក៏មានការដាក់កាតព្វកិច្ចវ៉ាក់សាំងនេះដូចគ្នា។
ដោយមានអ្នកឆ្លងនិងអ្នកឈឺតិចតួច ដោយសារ COVID-19 ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា រួចផុតពីការស្ថិតក្រោមសម្ពាធខ្លាំង ហើយអាចផ្តោតទៅលើ ការគ្រប់គ្រងជំងឺផ្សេងៗទៀត ដែលកើតឡើងប្រចាំរដូវកាល។ ជាមួយគ្នានេះ សេដ្ឋកិច្ចរបស់កម្ពុជា ក៏កំពុងឆ្ពោះទៅរកកម្រិតដូចពេលមុន COVID-19 ផ្ទុះឡើងផងដែរ។ បើតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ឆ្នាំ២០២២ កម្ពុជាអាចទទួលបានកំណើនសេដ្ឋកិច្ចចន្លោះ៥-៦ភាគរយ។
គួរបញ្ជាក់ថា កម្ពុជាកំពុងបន្តមានករណីឆ្លង COVID-19 ជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែភាពជោគជ័យនៃការចាក់វ៉ាក់សាំង បានជួយឲ្យប្រទេសអាស៊ានមួយនេះ ស្ថិតក្នុងស្ថានភាពដ៏ប្រសើរមួយ ធៀបនឹងបណ្តាប្រទេសជិតខាងរបស់ខ្លួន។ ឧទាហរណ៍នៃជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងវីរុសបំប្លែងខ្លួន Delta អាចធ្វើជាគំរូដ៏ល្អមួយ សម្រាប់ឲ្យប្រទេសដទៃៗទៀត ដែលកំពុងជួបទុក្ខលំបាកក្នុងការគ្រប់គ្រងជំងឺនេះ រៀនសូត្រតាមបាន៕
ដោយសារព័ត៌មាន៖ Foreign Policy In Focus