(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តសុវណ្ណបព្វតាខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីរួមចំណែកផ្គត់ផ្គង់ផ្នែកចង្ហាន់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំនេះ។

ទេយ្យវត្ថុ និងបច្ច័យ ដែលបានប្រគេននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រួមមាន អង្ករ ១២០ គីឡូក្រាម មី៥កេស ទឹកស៉ីអ៉ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ត្រីខ១កេស ខ្ទិមស អំបិល ស្ករស និងថវិកា ៣០០ ដុល្លារ។

សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លោក អ៊ុ រាត្រី ក៏បានដឹកនាំកិច្ចប្រជុំរៀបចំផ្តល់ទេយ្យវត្ថុបែងចែក ឲ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនគ្រប់ទាំង ២៥៦វត្ត ស្ថិតនៅក្នុង ៦៥ ឃុំ/សង្កាត់ តាមរយៈក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហានព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត៕