(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះសំណេះសំណាលជាមួយព្រះសង្ឃ និងឧបាសកឧបាសិកា និងពិនិត្យស្ថានភាពតាមវត្តអារាម ជាមួយក្រុមការងារគណៈកម្មាការវត្ត កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមវត្តអារាមនានា ក្នុងក្រុងខេមរភូមិន្ទ អំឡុងពេលផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងការសម្របសម្រួលនៃការយកចង្ហាន់ និងទេយ្យវត្ថុនានារបស់ពុទ្ធបរិស័ទ្ធ ដើម្បីប្រគេនជូនព្រះសង្ឃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ឈេង សុវណ្ណដា បានឲ្យដឹងថា គោលការណ៍ក្នុងការប្រគេនចង្ហាន់ជូនព្រះសង្ឃ គឺគណៈកម្មការវត្តបានរៀបចំតុដាក់នៅខ្លោងទ្វារវត្តអារាម និងមានព្រះសង្ឃចំនួន ១អង្គ ចាំទទួលចង្ហាន់ពីឧបាសកឧបាសិកា ក្នុងនោះដែរក៏មានសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ដើម្បីការពារសុវត្តិភាពផងដែរ។

លោកអភិបាលក្រុងបានបញ្ជាក់ថា សមត្ថកិច្ចបានឈរជើងតាមគោលដៅក្នុងបរិវេណវត្តទាំងអស់ ឲ្យតែមានច្រកចេញចូលក្នុងវត្តអារាម ដោយមិនមានការធ្វេសប្រហែសសោះឡើយ ដែលនេះជាវិធានការក្នុងទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការរីករាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារបន្តទៀត ។

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងពុទ្ធសាសនា ខេត្តកោះកុង បានឱ្យដឹងថា ចំពោះវត្តអារាមណាស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហម មិនអនុញ្ញាតឲ្យឧបាសកឧបាសិកាយកចង្ហាន់ទៅវត្តឡើយ ដើម្បីការពារកុំឲ្យមានរាលដាលនៃជំងឺកូវីដ១៩៕