(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា មួយរយ:នេះបើនិយាយអំពីស្ថានភាពពិភពលោក យើងបានកត់សំគាល់ឃើញនោះគឺ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលនូវទង្វើររបស់សហរដ្ឋអាមេរិក ដែលបានរត់ចោលសង្រ្គាមនៅអាហ្គានីស្ថានមក ឥទ្បូវមានការផ្ទុះថ្មីមួយទៀត គឺជុំវិញបញ្ហាប្រទេសបារំាងមានប្រតិកម្មធ្ងន់ៗទៅលើអូស្រ្ដាលី ដែលបានរត់ចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកខ្លួន ហើយរត់ទៅចុះកិច្ចព្រមព្រៀងថ្មី ទិញនាវាមុជទឹករបស់អាមេរិកនិងអង់គ្លេស យ៉ាងប្រញាប់ប្រញាល់បំផុត។

ស្ថិតក្នុងស្ថានការណ៍នេះ បើនិយាយពីរប្រតិកម្មប្រទេសបារំាងទៅលើអូស្រ្ដាលីដែលបានរត់ចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកខ្លួន បានលាតត្រដាងពីការអនុវត្ដរបស់អាមេរិកទៅលើសម្ព័ន្ធមិត្ដខ្លួន «ឆ្អិនក្បាលស៉ីក្បាលឆ្អិនកន្ទុយស៉ីកន្ទុយ»។ នេះបើតាមលោក រ័ត្ន សណ្តាប់។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងការផ្ទុះសង្រ្គាមការទូតរវាងប្រទេសបារំាងទៅនឹងកិច្ចព្រមព្រៀងថ្មី ហៅថា «សម្ព័ន្ធភាពយោធាអូស្រ្ដាលី-អង់គ្លេស- អាមេរិក- AUKUS» នេះមក មានសារព័ត៌មានពេញពិភពលោកបានចុះផ្សាយពីបញ្ហាថ្មីមួយនេះ ដែលធ្វើឲ្យគេភ្ញាក់ផ្អើល រួមទំាងកម្ពុជាផងដែរ។ ក្នុងដំណើររឿងនេះ គឺប្រទេសអូស្រ្ដាលីបានរត់ចោលកិច្ចព្រមព្រៀងជាមួយបារំាង ក្នុងការទិញនាវាមុជទឹកចំនួន ១២គ្រឿង ហើយរត់ទៅភ្ជាប់និស្ស័យជាមួយមហាអំណាចសហរដ្ឋអាមេរិក និងអង់គ្លេសក្នុងការទិញនាវាមុជទឹកចំនួន ៨គ្រឿងទៅវិញ។

ចំពោះសាច់រឿងនាំឲ្យផ្ទុះជម្លោ! រឿងរ៉ាវមានដូចខាងក្រោម៖

* នៅឆ្នំា២០១៦ ប្រទេសអូស្រ្ដាលី បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនបារាំង (Naval Group ដែលមានភាគហ៊ុន (ជាមួយរដ្ឋពាក់កណ្ដាល) ដើម្បីទិញនាវាមុជទឹកចំនួន ១២គ្រឿង ដែលមានតម្លៃជាង ៣៦ពាន់លានដុល្លារអាមេរិក ដែលបច្ចប្បន្ននេះ ក្រុមហ៊ុនបារំាងថាទឹកប្រាក់បានទ្បើងដល់ជាង ៦០ពាន់លានដុល្លារហើយ។ សូមញ្ជាក់ថា នាវាទំាង ១២គ្រឿងនោះ ប្រើប្រាស់ដោយថាមពលប្រេងម៉ាស៊ូត។

* ប្រទេសអូស្រ្ដាលីបានអះអាងថា ក្រុមហ៊ុនបារំាងធ្វើការយឺតយ៉ាវជាង១ឆ្នំា ក៏សម្រេចប្ដូរផែនការមកទិញនាវារបស់មហាអំណាចអាមេរិកជាមួយអង់គ្លេស នាថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២១នេះ។ ពីព្រោះខ្លួនយល់ថា៖

- ទី១៖ នាវាមុជទឹកក្នុងកិច្ចព្រមព្រៀងថ្មី គឺប្រើដោយថាមពលបរិមាណូ (ដែលបច្ចុប្បន្នយើងនិយមប្រើពាក្យនុយក្លេអ៊ែរ) គឺមានប្រសិទ្ធិភាព និងទាន់សភាពការណ៍។
- ទី២៖ ប្រទេសទំាងពីរឯកភាព ផ្ទេរបច្ចេកវិទ្យាទៅឲ្យប្រទេសអូស្រ្ដាលី។

ជុំវិញបរិបទនេះលោក រ័ត្ន សណ្ដាប់ យល់ថា៖

១៖ ចំពោះប្រតិកម្មធ្ងន់ៗផ្នែកការទូតពីប្រទេសបារំាងទៅលើទងើ្វររបស់សម្ព័ន្ធភាពយោធាអូស្រ្ដាលី-អង់គ្លេសនិងអាមេរិក (AUKUS) ដែលបារំាងហៅថា ក្រុមលួចចាក់ខ្លួនពីក្រោយខ្នង ឬក្រុមមិនស្មោះត្រង់ ជាស្នាមប្រេះស្រាំមហាអំណាចលោកខាងលិច។

២៖ អាចទាក់ទងទៅនឹងភូមិសាស្រ្ដនយោបាយ គឺរឿងរ៉ាវនៅសមុទ្រចិនខាងត្បូង ដែលសមុទ្រនេះមានភូមិសាស្រ្តនៅប្រទ្បោះខាងជើងប្រទេសចិន និងខាងត្បូង គឺប្រទេសអូស្រ្ដាលី រីឯកណ្ដាលមានវៀតណាម ឥណ្ឌូណេស៉ី ម៉ាទ្បេស៉ី ប្រុយណេ និង ហ្វីលីពីន ដែលជាក់ស្តែង គ្រាន់តែសំរឹបវិបត្តិលេចចេញភ្លាម ប្រទេសហ្វីលីពីនដែលកំពុងមានបញ្ហាជាមួយប្រទេសមហាអំណាចចិនផង បានស្ទុះភ្លែតមុនគេ គាំទ្រសហរដ្ឋអាមេរិកនិងអង់គ្លេស។

កន្លងមកនេះ អង្គការរបស់អង្គការសហប្រជាជាតិ IAEA (International Atomic Energy Agency / ភ្នាក់ងារអន្ដរជាតិខាងបរិមាណូ និងថាមពល) បានរិះគន់ថា បច្ចុប្បន្នមហាអំណាចខាងលិចនំាគ្នាកៀបប្រទេសអឺរ៉ង់ ដែលថាកំពុងខិតខំបង្កើនសមត្ថភាពពន្លឿនឥទ្ធិពលរោងចក្របរិមាណូ ដែលមានអ្នកដែលឃ្លំាមើល គឺចិន រុស្សី បារំាង អង់គ្លេស សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ក្នុងនោះគេសង្កេតឃើញអ៉ីស្រាអែលជាឆ្មំាតាមមើលជាប្រចាំ ហើយស្រាប់តែឥឡូវ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក បែរជាខិតខំពង្រឹងនិងពង្រីកវិស័យបរិមាណូជាមួយប្រទេសដៃគូរ គឺអូស្រ្តាលី ទៅវិញ។

ដោយឃើញស្ថានភាពនេះ ប្រទេសរុស្ស៉ីបានចេញមកនិយាយនឹងចិនថា «បើអីចឹង យើងគួរតែខិតខំប្រឹងប្រែងពង្រីកវិសាលភាព សមត្ថភាពរបស់ខ្លួន ផ្នែកវិស័យនាវាមុជទឹកប្រើថាមពលបរិម៉ាណូដែរ!»។ រីឯប្រទេសចិនវិញ បាននិយាយថា ការអនុវត្ដរបស់អាមេរិក ក្នុងការបោះបង់មិត្ដភ័ក្តិចោលមិនខុសពីការ ចោលសំរាមក្នុងធុងសំរាម ពេលខ្លួនឯងមើលឃើញពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

បើហេតុនេះស្ថិតក្នុងការផ្ទុះជំលោះសង្គ្រាមការទូត ស្ថានភាពជម្លោះនេះ យើងអាចយល់បានថា ប្រហែលជាភាគីដែលជាប្រទេសមហាអំណាចពាក់ព័ន្ធ មិនបណ្តោយឲ្យវិបត្តិនេះធ្លាក់ទៅកាន់តែជ្រៅនោះទេ ពួកគេមុខជានឹងគឹតគូររកដំណោះស្រាយយ៉ាងប្រញ៉ាប់ជាមិនខាន ពួកគេនឹងមិន បណ្តោយឲ្យមហាអំណាចលោកខាងកើតឆក់ឱកាស់កេងក្នុងសាច់រឿងជម្លោះនេះឡើយ។

ជាក់ស្ដែងថ្មីៗនេះ តាមសារព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្រ្ដីអង់គ្លេស Boris Johnson បានទូរស័ព្ទទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Macron) ដើម្បីចរចាគ្នា និងស្វែងរកដំណោះស្រាយក្នុងវិបត្តិនេះ។ រីឯលោក ប៉ៃដិន ប្រធានាធិបតីអាមេរិកំាង ក៏មិនហ៊ានដំអក់ដែរ បានព្យាយាមទាក់ទងជាមួយលោក ម៉ាក្រុង តាមទូរស័ព្ទ គេបានដឹងទៀតថា នឹងអាចមានជំនួបគ្នានៅខែក្រោយ ដែលអាចនឹងមានដំណើររបស់ប្រធានាធិបតីអាមេរិកំាងទៅកាន់អឺរ៉ុប ជួបជុំមហាអំណាចលោកខាងលិច នៅទ្វីបអឺរ៉ុបទំាងអស់ ជាមួយសហភាពអឺរ៉ុប និងអង្គការកងកម្លំាងទ័ព អូតង់ផងដែរ។

បើដូច្នេះយើងត្រូវយល់ថា រឿងរ៉ាវនេះជារឿងសន្តិសុខនិងអធិបតេយ្យភាពប្រទេស រីឯរឿងកិច្ចព្រមព្រៀងនោះជារឿងបញ្ហាថវិកា និងការទូទាត់ ថ្វីត្បិតតែទំហំនិងតម្លៃកិច្ចព្រមព្រៀងនៃការទិញដូរនេះ មានតម្លៃពី ៥០ ទៅ ១០០ពាន់លានដុល្លារអាមេរិកក៏ដោយ ចំពោះប្រទេសក្រីក្រឃើញថាច្រើនលើសលប់ណាស់ តែចំពោះប្រទេសមហាសេដ្ឋី លោកខាងលិចមិនជាច្រើនណាស់ណាទេ៕