(កំពង់ឆ្នាំង)៖ អាជ្ញាធរ និងមន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានប្រគល់ឈើចំនួន៨ម៉ែត្រគូបទៅឱ្យគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះវិញហើយ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបរិបូណ៌ បានឃាត់ទុកឈើរបស់ពួកគាត់ និងគោយន្តពីរគ្រឿងរយៈពេលជិត២០ថ្ងៃកន្លងទៅ។

លោកតា តឹក គឹមឡាយ ជាម្ចាស់ឈើ មានទីលំនៅក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីមានសំណូមពររបស់ក្រុមគ្រួសារលោលតា ស្នើសុំឲ្យអាជ្ញាធរមេត្តាប្រគល់ឈើមកឱ្យក្រុមគ្រួសារគាត់វិញ ដើម្បីបានសង់លំនៅឋានរួចមកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានសម្រេចប្រគល់ឈើ និងគោយន្តមកឲ្យគ្រួសាររបស់លោកតាវិញ ដើម្បីឱ្យលោកតាបានសាងសង់លំនៅឋានសម្រាប់ជាទីជម្រកសិន និងធ្វើឯកសារពាក់ព័ន្ធផ្សេងៗតាមក្រោយ ដោយសារតែលោកតាកំពុងត្រូវការឈើយកមកសង់ទីជម្រកជាចាំបាច់។

លោកតាបានបញ្ជាក់ទៀតថា ឈើ និងគោយន្តដែលប្រគល់ជូនលោកតាវិញនេះ មិនមានបាត់បង់ និងខូចខាតអ្វីមួយឡើយ គឺសមត្ថកិច្ចមើលថែបានល្អ។ នៅថ្ងៃដែលប្រគល់ឈើមកឲ្យលោកតា ក៏មានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនេះដែរ លោកតាជាតំណាងគ្រួសារដែលមានសមាជិក១៥នាក់នៅក្នុងផ្ទះនេះ សូមថ្លែងអំណរគុណដ៏ក្រៃលែង ចំពោះអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រធានមន្ទីរកសិកម្មខេត្ត ដែលលោកមានការយោគយល់ដល់ គ្រួសារលោកតា ដោយបានប្រគល់ឈើមកឲ្យគ្រួសារលោកតាវិញ បានទាន់ពេលដើម្បីបានរៀបចំសង់លំនៅឋានក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា គ្រួសារលោកតា តឹក គឹមឡាយ មានទីលំ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោកតាត្រូវបានភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។

បន្ទាប់ពីសប្បុរសជន និងអាជ្ញាធរជួយឧបត្ថម្ភជាថវិកាបានសមល្មម លោកតាក៏បានសុំច្បាប់ពីរដ្ឋបាលស្រុកបរិបូណ៌ និងបានទៅទិញឈើនៅស្រុកកគរខេត្តពោធិ៍សាត់ ដើម្បីយកមកសង់លំនៅឋាន ពេលដឹកឈើត្រឡប់មកផ្ទះវិញ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់បរិបូណ៌ ចាប់ឃាត់ទុក នៅចំណុចឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ជិត២០ថ្ងៃ ឥឡូវនេះឈើ និងគោយន្តត្រូវបានលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ប្រគល់ជូនឲកយលោកតាវិញហើយ៕