(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យក្រុមការងាររបស់ក្រសួង កាយបើកមុខទឹកប្រឡាយ៩៦ ដើម្បីរំដោះទឹកបញ្ចៀសការប៉ះពាល់ និងការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅត្រង់ចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ពីដំបូង ក្រុមការងារក្រសួងធនធានទឹក និងក្រុមការងារបច្ចេកទេស នឹងកាយបើកមុខទឹកប្រឡាយ៩៦ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែដើម្បីទប់ស្កាត់ការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងនោះ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាឲ្យក្រុមការងារធ្វើការងារនេះតាំងពីយប់មកម្ល៉េះ ហើយនៅព្រឹកថ្ងៃនេះក្រុមការងារ បាននិងកំពុងបន្តប្រតិបត្តិការកាយបើកមុខទឹក ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ដើម្បីបង្ហូរធ្លាក់ទៅតំបន់បឹងបួរ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅទន្លេបាសាក់។

កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញទទួលខេត្តកណ្តាល និងក្រុម ការងារបច្ចេកទេស បានចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ម៉ែត្រ ទំហំខ្នងទំនប់ ៥ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ អាចបណ្តាលឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ។

ដោយឡែក ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថានភាព នៃការលិចហូរពីលើផ្លូវបេតុង តាមចំណុចទំនាប និងដោយកន្លែង ដែលមានទីតាំងស្ថិតនៅតំបន់ទំនប់ចាបយំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាច្រកបាវខ្សាច់ទប់ជាទំនប់បន្ថែម ដើម្បីការពារទប់ការលិចលង់ភូមិ។

សូមបញ្ជាក់ថា ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេ គឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរនោះទេនេះ គឺដោយសារផ្លូវរំដោះទឹកជាធម្មជាតិត្រូវរួមតូច ដែលខុសពីផ្លូវទឹកធម្មជាតិដែលមានពីមុន បណ្តាលឲ្យការរំដោះទឹកទៅតាមបណ្តាប្រឡាយ ព្រែក បឹងផ្សេងៗ និងឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារការចាក់លុប ឬបិទស្ទើរអស់ទៅហើយ និងដោយការសាងសង់ផ្លូវ និងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការរក្សាផ្លូវទឹក៕