(ភ្នំពេញ)៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ Fresh News ថា កម្រិតទឹកស្ទឹងព្រែកត្នោតមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ឬគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងនៅឡើយ។

ការចេញមកបញ្ជាក់របស់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមរូបនេះ បានធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញទឹកស្ទឹងព្រែកបានកម្រើកឡើង ដែលជាហេតុនាំឱ្យពលរដ្ឋតាមបណ្តោយដងស្ទឹងមានការបារម្ភខ្លាចមានការជន់លិចដូចឆ្នាំកន្លងទៅ។

មន្ត្រីរូបនេះបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១០ ខែតុលា នេះយ៉ាងដូច្នេះ «ជំនន់ស្ទឹងព្រែកត្នោតមកដល់ពេលនេះ អត់ទាន់មានទេ។ ទឹកនេះទទួលរបបទឹកពីខាងរលាំងជ្រៃក្នុងខេត្តកំពង់ស្ពឺ ពីលើណុងមកដល់ទំនប់៧មករា គឺអត់មានទេ ទឹកគឺមានការស្រកចុះ។ ដោយឡែកទឹកនៅក្រោមស្ពាន៧មករានេះ នៅតាមសាក់សំពៅ ខណ្ឌដង្កោ មកខេត្តកណ្តាលលិចលង់ច្រើននេះ ដោយសារទឹកមកពីកំពង់ស្ពឺ យើងទម្លាក់វាទៅខាងក្រោម ដើម្បីយើងទប់ទល់ឱ្យហើយខ្លាចក្រែងទឹកជំនន់ពីព្រែកត្នោតកំពង់ស្ពឺ»

មន្ត្រីដដែលនេះបន្តថា «មកដល់ពេលនេះទឹកនៅតាមស្ទឹងព្រែកត្នោតមិនមានអ្វីជាការព្រួយបារម្ភ ធ្វើការគំរាមកំហែងទៅដល់រាជធានីភ្នំពេញ ឬបណ្តាខេត្តនៅខាងក្រោមដូចជាកណ្តាល និងតាកែវនោះទេ។ បើសិនជាស្ថានភាពអាកាសធាតុល្អបែបនេះ វាអត់មានការលិចលង់ទេ»

បើទោះបីជាយ៉ាងណាមន្ត្រីធនធានទឹករូបនេះ បានបញ្ជាក់ថា បើមានការប្រែប្រួលយ៉ាងម៉េច គឺក្រសួងធនធានទឹកនឹងជូនដំណឹង។

បើទោះបីស្ថានភាពទឹកមិនទាន់មានការគំរាមកំហែង ឬឈានដល់ការប្រកាសអាសន្នយ៉ាងណាក៏ដោយចុះ។ តែមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានតាមដាន និងត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងការណីទឹកមានការជន់លិចនោះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ក៏ចុះទៅពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងព្រែកត្នោតនេះ លោក ឃួង ស្រេង បានអះអាងថា យោងតាមការណែនាំ និងស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរបានត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ចជួយដល់ប្រជាពលរដ្ឋ បើមានករណីជន់លិចណាមួយកើតឡើង។

លោក ឃួង ស្រេង បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាជ្ញាធរ ជាម៉ែ ជាឪ របស់បងប្អូនប្រជាពរដ្ឋ គឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរ ត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ នៅពេលមានជំងឺកូវីដ-១៩ កើនឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថា យើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតនាព្រឹកមិញនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង អាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងលើមានកម្ពស់ ៥.១៦ម៉ែត្រ ស្រុកចុះ ០.៦២ម៉ែត្រ។ នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់ ៧.២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ ០.២៨ ម៉ែត្រ។

លោក ម៉ៅ ប៊ុនធឿន បានគូសបញ្ជាក់ថា កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះ ទៅ ៨ម៉ែត្រ៕