(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពរបស់ប្រជាពលរដ្ឋក្នុងពេលឆ្លងរីករាលដាលជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ផងនោះ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន មានដូចជាអង្ករ ត្រីខ អំបិល និងទឹកស៊ីអ៉ីវ ចែកជូនប្រជាពលរដ្ឋចំនួន ១២៦គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអគុណចំពោះក្រុមហ៊ុនប៉ោយប៉ែត ភី.ភី.អេស.អ៉ី.ហ្សិត ក៏ដូចជាសប្បុរសជននានា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាមួយអាជ្ញាធរក្រុង ដោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗតាមរយៈរដ្ឋបាលក្រុង ដើម្បីយកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងពេលឆ្លងជំងឺកូវីដ១៩ គ្រោះទឹកជំនន់ និងផ្នែកមនុស្សធម៌ផ្សេងៗទៀតបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកអភិបាលក្រុង បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់សាកសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋទាន់ពេលវេលា។

ជាងនេះទៅទៀត លោកអភិបាលក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលវិលត្រលប់ទៅលំនៅដ្ឋានវិញ ត្រូវរក្សាអនាម័យឲ្យបានស្អាតទាំងបរិវេណផ្ទះ និងខ្លួនប្រាណ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ខណៈជំងឺនេះមិនទាន់ថមថយនៅឡើយទេ៕