(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ សរុប ១១៨គ្រួសារ នៅស្រុកបន្ទាយមាស។ ពិធីប្រគល់អំណោយនេះបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅក្នុងវត្តសំរោង ស្ថិតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស។

ក្នុងឱកាសនោះ លោក ជាវ តាយ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ មិនប្រកាន់ មិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ជាក់ស្តែង ក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗ និងបទបញ្ជាក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ ជាពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មីឈានទៅរក ការបើកឱ្យដំណើរការប្រទេសជាធម្មតាឡើងវិញ នាពេលខាងមុខដ៏ខ្លីនេះ។

លោក ជាវ តាយ ក៏បានក្រើនរំលឹក និងអំពាវនាវឱ្យពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពឲ្យបានល្អ និងប្រឹងប្រែង ប្រកបរបររកស៊ីបង្កបង្កើតផល ដើម្បីជួយសម្រាលជីវភាពឲ្យបានកាន់តែប្រសើរ និងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។

លោកអភិបាលខេត្តបានផ្ដល់អំណោយដល់ប្រជាពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន រួមមាន៖ អង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន ១០ និងថវិកាមួយចំនួនផងដែរ៕