(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការចុះបញ្ជីបរធន។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

បរធនបាលកិច្ចទាំងអស់មានសុពលភាព លុះត្រាតែចុះបញ្ជី នៅនិយ័តករបរធនបាលកិច្ច (ន.ប. ធ) ក្នុងរយៈពេលមិនលើសពី៣ខែ បន្ទាប់ពីកាលបរិច្ឆេទ នៃការបង្កើតបរធនបាលកិច្ច។

លក្ខខណ្ឌ និងនីតិវិធីលម្អិតនៃការចុះបញ្ជី ត្រូវកំណត់ដោយអនុក្រឹត្យស្តីពីការចុះបញ្ជីបរធនបាលកិច្ច។

មុននឹងធ្វើការចុះបញ្ជីសម្រាប់ប្រតិបត្តិករបរធនបាលកិច្ចនៅ ន.ប.ធ ស្របតាមមាត្រា២៨ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) ការបង្កើតបរធនបាលកិច្ច ដើម្បីគោលបំណងណាមួយនៃច្បាប់នេះ ត្រូវមានការអនុញ្ញាតជាគោលការណ៍ជាមុនពីន.ប.ធ./ បញ្ញត្តិករពាក់ព័ន្ធ។

ការធ្វើប្រតិបត្តិការ នៃបរធនបាលកិច្ចស្របតាមគោលបំណង នៃច្បាប់ស្តីពីបរធនបាលកិច្ចត្រូវមានអាជ្ញាបណ្ណ ការអនុញ្ញាតពី ន.ប.ធ បញ្ញត្តិករពាក់ព័ន្ធស្របតាមបទប្បញ្ញត្តិ ដែលមានជាធរមាន។

ន.ប.ធ មានកាតព្វកិច្ចកត់ត្រា គ្រប់គ្រង និងរក្សាទុកនូវរាល់ព័ត៌មានរបស់បរធនបាលទាយក, បរធនបាល, អត្ថគាហកៈ, បុគ្គលផ្សេងទៀតដែល
ពាក់ព័ន្ធ, ប្រតិវេទន៍ប្រចាំឆ្នាំ, ការផ្លាស់ប្តូរបរធនបាល និងព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងការចុះបញ្ជី។

លក្ខខណ្ឌនិងនីតិវិធីធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងសេចក្តីជូនដំណឹងពីការផ្លាស់ប្តូរបរធនបាល ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)៕