(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថាលោក សុខ លូ ដែលត្រូវបានតែងតាំងជាអភិបាលថ្មីខេត្តបាត់ដំបង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តបានល្អប្រសើរ ហើយសម្ដេចក្រហាឡោម ក៏សូមស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការដោយសាមគ្គីភាព និងគាំទ្រលោក សុខ លូ ក្នុងការបំពេញរភារកិច្ចថ្មីនេះផងដែរ។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការបក្ស ចុះជួយមូលដ្ឋានខេត្តបាត់ដំបង លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអមក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តបាត់ដំបងផងដែរ។

លោក សុខ លូ ត្រូវបានតែងតាំងជាអភិបាលខេត្តបាត់ដំបង ខណៈលោក ងួន រតន: ត្រូវបានផ្លាស់ទៅកាន់ជាអភិបាលខេត្តកំពង់ធំវិញ។

នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរលោក ងួន រតន: ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត ខិតខំយកចិត្តទុកដាក់បំរើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តវិធានរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបានខិតខំបំពេញភារកិច្ចជាច្រើនទៀត ដើម្បីបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម បានបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបានល្អប្រសើ។

សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមូលដ្ឋានបន្តទៀត។

សម្ដេច ស ខេង ក៏មានចំណាប់អារម្មណ៍ក្នុងអង្គពិធីអំពីការរៀនរស់ជាមួយកូវីដ១៩ និងបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំបន្តស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ ចំពោះការរៀនរស់ជាមួយកូវីដ១៩ សម្ដេចក្រឡាហោមបាន ចាត់ទុកថាភារកិច្ច និងកិច្ចការនានាត្រូវតែបន្តនិរន្តរភាព ជាមួយគ្នានេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដូចជាការអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើ។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់លើភារកិច្ចដ៏មានសារៈសំខាន់បំផុតមួយទៀត គឺការការពារបូរណភាពទឹកដី ដោយសម្ដេចបានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់ការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានបន្តលើកឡើងអំពីរបៀបរបបការងាររបស់រដ្ឋបាលខេត្ត ដើម្បីធានាប្រសិទ្ធិភាពការងារ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុង និងបានណែនាំខេត្តដែលជាប់ព្រំដែន ត្រូវទំនាក់ទំនងល្អ រវាងកម្លាំងសមត្ថកិច្ចភាគីខ្មែរ-ថៃ ដែលឈជើងនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យបានល្អដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំង២ផងដែរ។

សម្ដេចក្រឡាហោម បានណែនាំដល់រដ្ឋបាលខេត្តថា «យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាខេត្តឱ្យបានល្អ ព្រោះនៅថ្នាក់ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅអភិបាលខេត្តដើម្បីប្រជុំនៅនឹងកន្លែង និយាយរួមតួអង្គទាំង២នេះ គឺជារដ្ឋបាលខេត្តតាមគោលការណ៍ច្បាប់»

សម្ដេចក៏បានបន្តណែនាំឱ្យយកចិត្តទុកដាក់លើតួអង្គ៤សំខាន់ៗ រួមមាន៖ មេឃុំចៅ សង្កាត់, ស្មៀនឃុំ ស្មៀនសង្កាត់, មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ គឺត្រូវផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះ ឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានបន្តថា សមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកនៅកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋក៏អាចដឹងថា ពួកគាត់ធ្វើការងារបានល្អ ឬមិនល្អ ក្នុងមូលដ្ឋានផងដែរ។