(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អមដំណើរដោយអភិបាលរងខណ្ឌ និងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ ជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការព្រះកុសុមារាម ហៅវត្តលង្កា ប្រគល់ជូន ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទុកដើម្បីយកមកបែងចែកជូនដល់បងប្អូនប្រជាជនក្រីក្រក្នុងមូលដ្ឋានសម្រាប់ដោះស្រាយជីវភាពផងដែរ។

ក្នុងឱកាសនោះលោក ធឹម សំអាន បានថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទាន ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ដែលនេះជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ដល់ប្រពៃរវាងពុទ្ធចក្រ និងអាណាចក្រ។

លោកប្រធានគណៈកម្មាធិការអនុសាខា បានសន្យាថា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា ចំពោះទេយ្យទានសប្បុរសធម៌ជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យរួមមាន៖ ទឹកដោះគោខាប់ ០៤កេសធំ, ទឹកក្រូច ៥០កេស, ទឹកសុទ្ធ ៥០កេស, ស្ករស ៤៨៥គីឡូក្រាម, មីម៉ាម៉ា ១៦៨កេសតូច, តែ ៧៣០កញ្ចប់, សម្ភារ ១៧ឈុត, អង្ករ ០២តោន និងថវិកា ៤លានរៀលផងដែរ៕