(ភ្នំពេញ)៖ ឱសថបុរាណ «ភ្នំទ្រទ្រង់» ដែលល្បីក្នុងបណ្ដាញសង្គម TikTok និងមានម្ចាស់ឈ្មោះ លោកគ្រូ ឈឹម នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចុះឆែកឆេរ និងដកហូតសម្ភារមួយចំនួន ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រតិបត្តិការ បង្ក្រាបបទល្មើសផលិតផលក្លែងក្លាយ និងខុសច្បាប់ ក្នុងរាជធានី-ខេត្តទាំង២៥។

ប្រតិបត្ដិការនេះ ក៏មានការចូលរួមពីមន្ត្រីមូលដ្ឋាន និងក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅចំណុចផ្ទះលេខ1C ផ្លូវលេខ៥៣បេតេ ភូមិក្បាលទំនុប សង្កាត់បឹងទំពុលទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារមួយចំនួន យកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មិនមានការប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ បានបញ្ជាក់ថា ចំពោះការដកហូតសម្ភារទាំងអស់នេះ គឺត្រូវយកទៅធ្វើតេស្ដឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារទាំងអស់នេះ មិនប៉ះពាល់ដល់សុខភាព និងបានកោះហៅម្ចាស់ឱសថបុរាណ មកធ្វើការសួរនាំផងដែរ៕