(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចឲ្យមានការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់គ្នា ដែលយុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ តទៅ ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ កងកម្លាំងពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌល ឬគោលដៅដែលខ្លួនរស់នៅ ក្រោមការរៀបចំយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារស្ម័គ្រចិត្ត កងកម្លាំងទ័ព និងកម្លាំងពាក់ព័ន្ធមួចចំនួនទៀត យ៉ាងយកចិត្តទុកដាក់ ក្នុងន័យរក្សាការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

បើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន បើបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំ ដូច្នេះការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញនេះ នៅរាជធានីភ្នំពេញ អាចនឹងលឿនជាងផែនការកំណត់។

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញដែលប្រកាសបើកនៅថ្ងៃនេះ គឺជាស្ថិតក្នុងក្របខណ្ឌភារកិច្ច និងការទទួលខុសត្រូវរបស់កងទ័ពប៉ុណ្ណោះ៕