(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោក គីម វីរៈ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមយុវជន ចុះជួយស្រុកត្រពាំងប្រាសាទ បានចុះជួបសំណេះសំណាលជាមួយយុវជនបក្សស្រុក និងបាននាំយកនូវអំណោយមួយចំនួនទៅចែកជូនប្រជាពលរដ្ឋ ៥០គ្រួសារ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ។

ក្នុងឱកាសនោះលោក គីម វីរៈ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាលគណបក្សប្រជាជន និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ ចំពោះប្រជាពលរដ្ឋ និងក្រុមយុវជនបក្ស ដោយក្តីនឹករលឹក និងគិតគូរបំផុត។

ក្នុងឱកាសនោះ លោក ក៏បានជំរុញលើកទឹកចិត្ត ដល់សមាជិក សមាជិកា យុវជនគណបក្ស បន្តបេសកម្មរបស់ខ្លួន តាម គោលការដឹកនាំរបស់គណបក្សឱ្យកាន់តែប្រសើរ។ ជាពិសេសត្រូវបន្តអភិវឌ្ឍសមត្ថភាព គុណភាពការងារ ដើម្បីបម្រើដល់បក្ស និងប្រជាពលរដ្ឋ។

លោក គីម វីរៈ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយុវជនបក្សស្រុកត្រពាំងប្រាសាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើការងារបក្ស ការងារសង្គម ជាពិសេសក្នុងបរិបទកូវីត១៩។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក គីម វីរៈ បានឧបត្ថម្ភនូវកុំព្យូទ័រចំនួន ២គ្រឿង, ម៉ាស៊ីនព្រីន ចំនួន ២គ្រឿង, អាវគណបក្សចំនួន ១០០អាវ និងបានឧបត្ថមថវិកាដល់ក្រុមយុវជនបក្សស្រុកចំនួន ៥០នាក់ ក្នុង ១នាក់ចំនួន ៥០,០០០រៀល។ បន្ថែមពីលើនោះ លោក ង៉ែត ចាន់ថុន និងលោក នាង ឃីម បានឧបត្ថម្ភថវិការចំនួន ៨លានរៀល និងលោក គង់ កន្នារិទ្ធ បានឧបត្ថម្ភថវិកាចំនួន ១លានរៀលក្នុង១ខែ សម្រាប់ផ្តល់ជូនក្រុមការងារយុវជនគណបក្ស។

បន្ទាប់ពីពិធីសំណេះសំណាលរួច លោក គីម វីរៈ ក៏បានដឹកនាំក្រុមយុវជនបក្ស នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ។

លោក ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈវិធានការរបស់សម្តេចតេជោ គឺ «៣ការពារ និង ៣កុំ» ផងដែរ៕