(ភ្នំពេញ)៖ លោក Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានលើកសរសើរថា កម្ពុជាជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន សម្រាប់ដំណើរការចាក់វ៉ាក់សាំងបានច្រើនជូន ប្រជាពលរដ្ឋរបស់ខ្លួន និងកំពុងល្បីនៅក្នុងពិភពលោក។

ការលើកសរសើររបស់មន្រ្តីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះជាជំហររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានដាក់ចេញជាយុទ្ធសាស្ត្ររួចហើយ គឺជាការស្រោចវ៉ាក់សាំងជូន ប្រជាជនកម្ពុជាក្នុងគោលដៅ១០លាននាក់ ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ និងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្ថែមទៀត។

លោកស្រីបន្ថែមទៀតថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ធ្វើឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោបាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ។

ទាក់នឹងវ៉ាក់សាំងនេះលោក Andreas Zurbrugg បានជំរាបជូនលោកស្រី ម៉ែន សំអន ថា រដ្ឋាភិបាលអូស្ត្រាលី បានចំណាយថវិកាប្រមាណជា៣៥លានដុល្លារ លើគំរោងមួយក្នុងតំបន់ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការសុខភាពពិភពលោក។

លោក Andreas Zurbrugg បន្តទៀតថា គម្រោងជំនួយវ៉ាក់សំាងកូវីដ១៩នេះ យើងមិនមែនតែទិញវ៉ាក់សំាងតែមួយមុខនោះទេ យើងជួយទូទៅលើលទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាលពេទ្យ ធ្វើយ៉ាងណាឲ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់សំាងឲ្យមានប្រសិទ្ធភាព។ «រដ្ឋាភិបាលអូស្ត្រាលី ក៏បានគិតពិចារណាទៅលើការបន្ថែមវ៉ាក់សំាងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ព្រោះនៅកម្ពុជាយើងបានវ៉ាក់សំាងច្រើនណាស់ហើយ ចឹងវ៉ាក់សំាងថ្មីអូស្ត្រាលីមក ក៏ដូចជាវ៉ាក់សំាងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណាបន្ថែមពីលើនេះទៀត និងកំពុងធ្វើការជាមួយភាគីខាងលើសំដៅធ្វើយ៉ាងណាឲ្យជនងាយរងគ្រោះ នៅតំបន់ដាច់ស្រយាលដូចជាកុមារ ឬស្ត្រីពិការ ជាដើម»

លោកស្រីបានបញ្ជាក់ «ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងខាងលើ ទាក់ទងទៅនិងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ»

លោកស្រី ម៉ែន សំអន បន្តថា «ដើម្បីជម្នះបញ្ហាលំបាកប្រឈមជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានបញ្ហាដោះស្រាយ ការលំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់។ រាជរដ្ឋាភិបាលយើងខ្ញុំ បានព្យាករណ៍ថា ប្រសិនបើការឆ្លងនេះ មានការថយចុះ អត្រាស្លាប់ថយចុះ យើងនឹងឈានទៅបើកសេដ្ឋកិច្ច ទូទំាងប្រទេសទ្បើងវិញ ពេលនោះ ស្រ្តីរបស់យើង កុមារ របស់យើង និងប្រកបមុខរបរ រកចំណូលបានវិញ»

សម្រាប់លោក Andreas Zurbrugg គឺលោកបានមកដល់កម្ពុជារយៈពេល៣ខែមកហើយ និងមានការចាប់អារម្មណ៍ខ្លាំងលើការរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ។ បេសកកម្មរបស់លោក គឺក្នុងនាមអ្នកជួយសម្របសម្រួលសហប្រតិបត្តការជាមួយកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូត ពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកំរិតពិភពលោកជាច្រើននៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម៕