(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធ Zoom ជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅទីក្រុងប៉ារីស, ប្រចាំនៅប្រទេសថៃ និងនៅកម្ពុជា មានលោកស្រី Ophelie BOURHIS , លោកស្រី Capucine Driancourt , និងលោកស្រី Annie Tran។

ក្នុងជំនួបនៃកិច្ចពិភាក្សានៅរសៀលនេះ គឺផ្តោតសំខាន់លើ «ការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាពទៅលើវិស័យកសិកម្ម» ព្រមជាមួយនឹងការពិនិត្យលទ្ធភាពលើភាពជាដៃគូរវាង AFD និង ARDB ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតងសម្រាប់ជនបទនៅកម្ពុជាប្រកបដោយចិរភាព ក្នុងក្រខ័ណ្ឌគម្រោង AGREENFI។

ជាលទ្ធផលនៃ កិច្ចប្រជុំនេះ គែទទួលបានលទ្ធផលជាវិជ្ជមាន ដោយតំណាង AFD បានពិនិត្យឃើញពីសក្ដានុពលរបស់ ARDB ក្នុងភាពជាដៃគូសម្រាប់ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញប្បទានបៃតងនៅកម្ពុជា។

ជាមួយគ្នានេះ តំណាង AFD នឹងធ្វើការពិភាក្សាបន្ត និងសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅកម្ពុជា ដើម្បីធ្វើឯកសារទស្សនទានជាធាតុចូលលើការអនុវត្តគម្រោងនេះ ដើម្បីផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕