(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់»។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

បើតាមព្រះរាជសារ ព្រះមហាក្សត្រ បានសូមប្រគល់ជូនសម្តេចតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី៕