(បាត់ដំបង)៖ បន្ទាប់ពីទទួលបានការប្រកាសជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ដើម្បីពង្រឹងរបៀបរបបការងារ បង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តនិរន្តរភាពអោយមានភាពល្អប្រសើរថែមទៀតនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ សូមគោរពវិន័យ គោរពពេលវេលា ខិតខំធ្វើការងារ គោរពតួនាទី និងភារកិច្ចរៀងៗខ្លួន និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស សូមរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបន្តនិរន្តរភាពអោយមានភាពល្អប្រសើរថែមទៀត ព្រមទាំងបានប្រកាសលេខទូរសព្ទផ្ទាល់ខ្លួនជូនដល់មន្ត្រីរាជការគ្រប់រូបផងដែរ។

បន្ថែមពីនេះទៀត លោក សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ-១៩ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូ រាល់ការធ្វើដំណើរ ឬទៅទីកន្លែងផ្សេងៗ ត្រូវពាក់ម៉ាស និងមានទឹកអាលកុលជាប់ជាមួយជានិច្ច៕