(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យនីវ៉ូទឹកនៅតំបន់ទំនប់៥៤ ដោយស្ថានភាពទឹកមានការស្រកចុះបានចំនួន ០,២ម៉ែត្រ (២តឹក) បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធ បានជីកកាយប្រឡាយចំនួន៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំនុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០ (បឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិចលំនៅដ្ឋាន និងផលដំណាំប្រជាពលរដ្ឋនៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។

លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់លាប់ និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈឲ្យបានគ្រប់ពេលវេលា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។

បើយោងតាមរាយការណ៍អំពីការចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកកណ្ដាលស្ទឹង ក្រុងតាខ្មៅ និងស្រុកស្អាង ខេត្ដកណ្ដាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដូចខាងក្រោម៖

*ទី១៖ អំពីស្ថានភាពទឹកនៅ សំណង់ទំនប់ ៧មករា៖ កំពស់ទឹក នៅសំណង់ទំនប់ ៧មករា គិតត្រឹមម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១៖

*នៅខាងក្រោយទ្វារទឹក មានកំពស់ ៨ម៉ែត្រ (កំពស់ទឹកប្រកាសអាសន្ន ៨,៦០ម៉ែត្រ)
*កំពស់ទឹក នៅខាងមុខទ្វារទឹកមានកំពស់ ៥,១៨ម៉ែត្រ (កើនឡើង ០,១ម៉ែត្រ ធៀបទៅនឹងកំពស់ទឹកកាលពីម្សិលមិញ)
*បើកទ្វារទឹក ៣,៥ម៉ែត្រ ចំនួន ៤សន្លឹក
*ការរំដោះទឹកពីសំណង់ទំនប់ ៧មករា តាមប្រឡាយតាហោ (ព្រែកកំពឹស) ចូលតាមព្រែកហូរ បែងចែកទៅប្រឡាយ៩៤ ប្រឡាយ៩៦ ហូរចូលទៅបឹងរាន និងបឹងប្រាំរយ (ហៅបឹងជើងលោង) និងមួយផ្នែកទៀតហូរទៅទន្លេរបាសាក់តាមស្ទឹងព្រែកត្នោត។
*ទា្វរទឹកសំណង់ទំនប់ ៧មករា ប្រកាសអាសន្នកំពស់ ៧,៨០ម៉ែត្រ បច្ចុប្បន្នទើបតែបើកបាន ៣ម៉ែត្រ ហើយកម្រិតកំពស់ទឹកបច្ចុប្បន្ន ៥ម៉ែត្រ កម្រិតទឹកនេះ លុះត្រាតែ បើកទ្វារទឹក ៧,៨០ម៉ែត្រ ទើបដល់កម្រិតប្រកាសអាសន្ន។
*នៅត្រង់ចំណុចប្រឡាយ៩៦(ចំណុចចាបយំ) ការប្រៀបធៀប កំពស់ទឹកខាងជើង និងខាងត្បូងក្រវ៉ាត់ក្រុងទី៣ ខុសគ្នា ០,៦ម៉ែត្រ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
*ចំណុចទំនប់៥៤ ការប្រៀបធៀបកំពស់ទឹក ខាងជើង និងខាងត្បូងទំនប់៥៤ គឺខុសគ្នា ១,១ម៉ែត្រ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

*ទី២៖ បញ្ហាប្រឈម

*បញ្ហាទឹកដែលកំពុងតែលិចនៅខាងជើងផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិសាស្ដ្រសង្កាត់កំពង់សំណាញ់ គឺបណ្ដាលមកពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ មិនបានរក្សាទុកផ្លូវទឹក។
*បញ្ហប្រឈមមួយទៀត បណ្ដាលមកពី ទំនប់៥៤ ស្ថិតនៅស្រុកស្អាង បានលើកកំពស់ថែមជាង ១ម៉ែត្រ ដោយមិនបានទុកផ្លូវទឹក។
*ជារួមស្ថានភាពទឹកកើនឡើង បណ្ដាលមកពីការសាងសង់សំណង់សិល្បៈការ មិនបានទុកផ្លូវទឹក និងសំណង់មិនរៀបរយ បានសាងសង់លើផ្លូវទឹក និងបិទផ្លូវទឹក ចំណុចខាងជើងក្រវ៉ាត់ក្រុងទី៣ ចាប់ពីចំណុចប្រឡាយ៩៦ ដល់ទំនប់៥៤ (ទំនប់ស្អាងភ្នំ) ធ្វើឲ្យមានកំពស់ទឹកខុសគ្នារហូតដល់ ១,៧ម៉ែត្រ។
*ពិនិត្យស្ថានភាពកំពស់ទឹកឃើញថាមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្ដែប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង អាចមានបញ្ហាធ្ងន់ធ្ងរជាងនេះ។

*ទី៣៖ យន្ដការដោះស្រាយ

*គណ:កម្មាធិការគ្រោះមហន្តរាយខេត្តកណ្តាល បានសហការអនុវត្ត និងសំណូមពរដោយទទួលយល់ព្រម ដូចខាងក្រោម៖
*ក្រុមការងារបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោជាង២៥០នាក់ និងគ្រឿងចក្រ ដឹកនាំដោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមកជួយសង្គ្រោះកាយផ្លូវបើកមុខទឹក និងទប់ទឹកតាមបណ្តោយមាត់ប្រឡាយ៩៦ ខាងលិចចំនួនប្រមាណ ៥០០០បាវ។
*ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការបញ្ជារបស់លោករដ្ឋមន្រ្តី លឹម គានហោ បានបញ្ជាគ្រឿងចក្រ អនុវត្ដដោយកាយស្មៅ កំប្លោក ត្រឹប ពីចំណុចទួលក្រសាំងដល់ប្រឡាយក្របៅប្រមាណ៥០០ ម និងកាយផ្ដាច់ផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចប្រឡាយមេ៩៤ ប្រវែង ៥០ម៉ែត្រ និងប្រឡាយមេ៩៦ ប្រវែង ៥០ម៉ែត្រ ដើម្បីរំដោះទឹកប៉ែកខាងជើងនៃក្រវ៉ាត់ក្រុងទី៣ ពាក់ព័ន្ធសង្កាត់ព្រែកហូរ និងសង្កាត់កំពង់សំណាញ់។
*ក្រសួងធនធានទឹក និងឧតុនិយម កំពុងពង្រីកប្រឡាយ៩៦ ឲ្យ0បានទទឹង ៤០ម៉ែត្រ (ដោយមានសណ្ដរប៉ែកខាងលិចទប់ទឹក) ចាប់ពីក្រវ៉ាត់ក្រុងទី៣ ទៅទល់នឹងផ្លូវវត្ដក្របៅ (សម្របសម្រួលដោយរដ្ឋបាលខេត្ដ)។

*ក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីយល់ព្រម៖

*ស្ដារប្រឡាយខាងកើតផ្លូវចូលព្រលាន ចំនួន ៧ខ្សែ ក្នុងនោះ៖ ខ្សែទី១ ប្រឡាយ៦២, ខ្សែទី២ ប្រឡាយ៦១, ខ្សែទី៣ ប្រឡាយ៦០, ខ្សែទី៤ ប្រឡាយ៥៩, ខ្សែទី៥ ប្រឡាយ៥៨, ខ្សែទី៦ ប្រឡាយ៥៧ និងខ្សែទី៧ ប្រឡាយ៩៤ (ប្រវែងសរុប ១៦,០០០ម៉ែត្រ) ដើម្បីរំដោះទឹកចូលប្រឡាយជុំវិញព្រលានយន្ដហោះ និងប្រឡាយ៩៦ បន្ដធ្លាក់ចូលបឹងរាន និងបឹងប្រាំរយ (ហៅបឹងជើងលោង)។
*កាយផ្ដាច់ផ្លូវបើកមុខទឹកស្អាងភ្នំទំនប់៥៤ ចំនួន ២កន្លែងហើយ និងសាងសង់ស្ពានបេតុង ចំនួន ២កន្លែង ក្នុង (១កន្លែង ប្រវែង៥០ម៉ែត្រ) តាមបណ្តោយផ្លូវទំនប់៥៤ ភ្ជាប់ពីស្អាងភ្នំ ទៅព្រលានយន្ដហោះថ្មី។
*ក្រុមហ៊ុនសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទទួលសាងសង់ស្ពានបេតុង ២កន្លែង កាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចប្រឡាយ៩៤ ប្រវែង ៥០ម៉ែត្រ និងចំណុចប្រឡាយ៩៦ ប្រវែង ៥០ម៉ែត្រ ស្ថិតនៅក្រុងតាខ្មៅ។
*រដ្ឋបាលខេត្ដ លើកគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ ចាប់ពីផ្លូវជាតិលេខ២១ រហូតដល់ស្ពានដើមលៀប (កំណាត់ផ្លូវ២១១)។
*ត្រៀមទីទួលសុវត្ថិភាព ចំនួន ២កន្លែង រួមមាន៖ នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅក្នុងបរិវេណវត្ដក្របៅ និងបានត្រៀមបាវខ្សាច់ចំនួន ១០ ០០០បាវសម្រាប់ទប់ទឹកលើដីសណ្ដរ។
*បង្កើតទីបញ្ជាការស្រាល ប្រចាំការ ២៤ម៉ោង ដោយប្រើប្រាស់កម្លាំង ៤០នាក់ រួមមាន កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ២០នាក់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ដ ១០នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្ដ ១០នាក់៕