(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះឥស្សរជនដែលកាន់តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល។

បន្ទាប់ពីពិនិត្យរួច សេចក្តីព្រាងច្បាប់ ដែលកំណត់ជាការប្រញាប់នេះ នឹងត្រូវប្រគល់ជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា ហើយបញ្ជូនមកគណៈកម្មាធិការអចិន្រ្តៃយ៍ដើម្បីកំណត់ការប្រជុំពេញអង្គ ដើម្បីអនុម័ត។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។ បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តមប្រយោជន៍សម្រាប់ជាតិខ្មែរ៕